វ៉ាស៊ីនតោន៖ អាមេរិក បានបង្ហាញជំនួយបន្ថែមដល់អ៊ុយក្រែន ដែលមានតម្លៃជាង ១ពាន់លានដុល្លារ រួមទាំងការផ្គត់ផ្គង់គ្រាប់រំសេវ ដែលមានសារធាតុអ៊ុយរ៉ានីញ៉ូម ដែលអ្នកការទូតកំពូលរបស់ខ្លួន បានធានាឲ្យប្រធានាធិបតីលោក វូឡូឌីមៀ ហ្សេឡិនស្គី នៃការគាំទ្ររបស់វ៉ាស៊ីនតោន បន្តក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ទីក្រុងគៀវ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រកាសជំនួយនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំជាមួយលោក ហ្សេឡិនស្គី និងមន្ត្រីផ្សេងទៀតនៅថ្ងៃដដែល ក្នុងដំណើរទស្សនកិច្ចលើកទី៤ របស់លោកទៅកាន់ប្រទេសដែលហែកហួរដោយជម្លោះ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី បានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំមុន។
លោក Blinken បានប្រាប់ លោក ហ្សេឡិនស្គី ក្នុងអំឡុងពេលបើកផ្នែកមួយ នៃកិច្ចប្រជុំរបស់ពួកគេ យោងតាមក្រសួងការបរទេសសហរដ្ឋអាមេរិកថា “យើងប្តេជ្ញាចិត្តនៅសហរដ្ឋអាមេរិក ដើម្បីបន្តដើរក្បែរអ្នក” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
នៅក្នុងនោះដែរលោក Blinken ក៏បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba និងបានទៅទស្សនាទីបញ្ចុះសព សម្រាប់អ្នកដែលបានស្លាប់នៅក្នុងជម្លោះប្រឆាំងនឹងរុស្ស៊ី។
គ្រាប់រំសេវដែលផលិតដោយសារធាតុអ៊ុយរ៉ានីញ៉ូម ដែលរលាយអស់ ដែលមានដង់ស៊ីតេខ្លាំង ផ្តល់ថាមពលជ្រៀតចូលខ្លាំងជាងអាវុធប្រឆាំងរថក្រោះដទៃទៀត ទោះបីជាមានការព្រួយបារម្ភថាភាគល្អិតនៃវត្ថុធាតុអាចប៉ះពាល់ដល់សុខភាពមនុស្ស និងបរិស្ថានក៏ដោយ។
នាយកដ្ឋាននេះក៏បាននិយាយថា លោក Blinken បានជួបជាមួយនាយករដ្ឋមន្ត្រីដាណឺម៉ាកលោក Mette Frederiksen ក្នុងដំណើររបស់លោក ទៅកាន់អ៊ុយក្រែននៅថ្ងៃដដែល ហើយបានពិភាក្សាអំពីបញ្ហាដូចជាការសម្រេចចិត្តរបស់ទីក្រុង Copenhagen ក្នុងការផ្តល់យន្តហោះចម្បាំង F-16 ដែលផលិតដោយសហរដ្ឋអាមេរិក ដល់អ៊ុយក្រែន៕ ប្រែសម្រួល ឈូក បូរ៉ា

