បរទេស ៖ អតីតប្រធានាធិបតីបារាំង លោក Nicolas Sarkozy បាននិយាយប្រឆាំង នឹងការចូលជាសមាជិក សហភាពអឺរ៉ុប និងអង្គការណាតូ របស់អ៊ុយក្រែន ដោយលើកហេតុផលថា វិធានការណ៍នេះ នឹងមិននាំមកនូវ សន្តិភាពដល់អឺរ៉ុបទេ តែបែរជានឹងអាចបំផ្លាញ ឯករាជ្យភាពរបស់ទ្វីបនេះទៅវិញ។
យោងតាមការចេញផ្សាយ របស់ RTលោក Sarkozy បានរំលឹកឡើងវិញ នូវការ អំពាវនាវរបស់គាត់ ឱ្យមានការសម្រប សម្រួល រវាងរដ្ឋាភិបាលទីក្រុងមូស្គូ និង រដ្ឋាភិបាលទីក្រុងគៀវ ដោយកត់សម្គាល់ថា ជម្លោះនេះបានឆក់យកជីវិតមនុស្ស ប្រហែលកន្លះលាននាក់ រួចហើយ ដែលភាគច្រើន ជាជនជាតិអ៊ុយក្រែន។
ក្នុងពេលជាមួយគ្នាដែល លោកក៏បានរិះគន់រុស្ស៊ីថា ជាអ្នកឈ្លានពានក្នុងជម្លោះនោះ លោកSarkozy ក៏បាននិយាយថាលោកជឿថាការចូលជាសមាជិក របស់អ៊ុយក្រែន ក្នុងអង្គការណាតូ និងសហភាពអឺរ៉ុប ដែលក្រុងគៀវបានស្វែងរកអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ មិននាំឲ្យមានសន្តិភាពទេ។
លោកបន្តអះអាងថា ជម្លោះអ៊ុយក្រែនផ្តល់ផលប្រយោជន៍ សម្រាប់តែប្រទេសចិនប៉ុណ្ណោះ ដែលលោកបាននិយាយថា កំពុងទទួលបានឥទ្ធិពលតាមរយៈនាមជាដៃគូរបស់ខ្លួន នៅក្នុងក្រុមសេដ្ឋកិច្ច BRICS រីឯសហរដ្ឋអាមេរិក ដែលចំណេញពីការលក់អាវុធ និងតម្លៃខ្ពស់សម្រាប់ ឧស្ម័នធម្មជាតិរាវ៕
ប្រែសម្រួល៖ស៊ុនលី
