ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនីការ៉ាតេកម្ពុជា ដណ្តើមបានមេដាយចំនួន ៤ គ្រឿង នៃព្រឹត្តិការណ៍ការប្រកួតកីឡា ការ៉ាតេថៃ បើកទូលាយ “Thailand Open Karate Championship “ រយៈពេល ៥ ថ្ងៃចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃ ។
ការប្រកួតខាងលើកនេះ ក្រោមការដឹកនាំ ដោយលោកវរសេនីយឯក ឈាង សុវណ្ណរតនា មេបញ្ជាការរង កងអន្តរាគមន៍ពិសេស ទ័ពពិសេស២៤៦ និងជាប្រធានក្លិប ការ៉ាតេ-ដូ ហនុមានជាប្រធានប្រតិភូ តំណាងឲ្យលោក ណុប វណ្ណថារ៉ូ អគ្គលេខាធិការរង សហព័ន្ធកីឡាការ៉ាតេកម្ពុជា ។
នេះជាលើកទីមួយ ដែលប្រទេសកម្ពុជា ដណ្តើមបានមេដាយមាស ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា ការ៉ាតេថៃ បើកទូលាយ “Thailand Open Karate Championship” លើលើវិញ្ញាសាប្រយុទ្ធនារីពេញវ័យ “Senior ” ប្រភេទទម្ងន់ក្រោម ៥០ គីឡូក្រាម គឺកីឡាការិនី ឆន ស្រីភា ។
ការប្រកួតនេះ សហព័ន្ធកីឡាការ៉ាតេកម្ពុជា បានបញ្ជូនប្រតិភូ គ្រូបង្វឹក និងក្រុមកីឡាករ-កីឡាការិនីការ៉ាតេជាច្រើននាក់ ។
ចំពោះមេដាយទំាង ៤ គ្រឿង សម្រាប់កម្ពុជាទទួលបានរួមមានមេដាយមាស ១ គ្រឿងបានទៅលើកីឡាការិនី ឆន ស្រីភា លើវិញ្ញាសាប្រយុទ្ធ ប្រភេទទម្ងន់ក្រោម ៥០ គីឡូក្រាម មេដាយសំរឹទ្ធគ្រឿង បានទៅលើកីឡាករ សូត ផានិត លើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ក្រោម ៧៥ គីឡូក្រាម មេដាយសំរឹទ្ធទី២ បានទៅលើកីឡាករ ជ្រុន វិរៈបុត្រ វិញ្ញាសាប្រយុទ្ធ ប្រភេទទម្ងន់ក្រោម ៦៧ គីឡូក្រាម និងមេដាយ សំរឹទ្ធទី៣ បានទៅលើកីឡាករ ថេង គីមឈា លើវិញ្ញាសាកាតាឯកត្តជនបុរស ៕
ដោយ៖លី ភីលីព