កីឡា

លោក សរ សិទ្ធិ ៖ ការប្រកួតនេះ ផ្តល់ឱកាស ឲ្យអត្តពលិកម្នាក់ៗ បានបញ្ចេញ នូវទេពកោសល្យ សមត្ថភាព ក៏ដូចជាវាស់ស្ទង់ គុណផលបច្ចេកទេស

រូបភាព សហព័ន្ធ

ភ្នំពេញ ៖ លោក សរ សិទ្ធិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលការងារ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាសូហ្វតិន្នីស លោក ហួត សេងទ្រី ប្រធាន នាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍ ប្រកួតបានអញ្ជើញ ចូលរួមពិធីបិទព្រឹត្តិការណ៍ ប្រកួតកីឡាសូហ្វតិន្នីស ជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី៧ ឆ្នាំ២០២៣នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២៣ នៅទីលានហ្វឹកហាត់សហព័ន្ធ ។

លោក សរ សិទ្ធិ បានមានប្រសាសន៍ថា ក្នុងនាមសហព័ន្ធកីឡាសូហ្វតិន្និសកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្ដែងនូវការកោត សរសើរ និងថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡាបានសហការ ជាមួយសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា រៀបចំប្រកួតនេះ ។ ជាមួយគ្នានេះ សូមអរគុណដល់ក្រុមហ៊ុន ខ្មែរប៊ែវើរីជីសបានចូលរួមឧបត្ថម្ភគាំទ្រផងដែរ ។ ការចូលរួមលើកទឹកចិត្ត ឧបត្ថម្ភគាំទ្រ គឺជាថាមពលដ៏ខ្លាំងក្លា ដើម្បីជម្រុញ និងអភិវឌ្ឍកីឡាសូហ្វតិន្នីសកម្ពុជា ឲ្យកាន់តែមានសន្ទុះ និងខ្លាំងក្លាបន្ថែមទៀត ។

លោកបានបន្តថា ជាការពិតណាស់ការ ប្រកួតកីឡាសូហ្វតិន្នីស ក្នុងព្រឹត្តិការណ៍កីឡាជ្រើសរើសជើងឯក ថ្នាក់ជាតិនេះ គឺជាការផ្តល់ ឱកាសឲ្យកីឡាករ -កីឡាការិនីម្នាក់ៗ បានបញ្ចេញ នូវទេពកោសល្យ សមត្ថភាព ក៏ដូចជាវាស់ស្ទង់ គុណផល បច្ចេកទេស ដែលបានហ្វឹកហាត់ កន្លងមក ប្រកួតប្រជែងគ្នា ជាពិសេសនៅឆ្នាំនេះ ដោយទទួល បានគោលការណ៍ ពីថ្នាក់ដឹកនាំក្នុងការរៀបចំ បញ្ជូលនូវវិញ្ញាសាប្រកួតកម្រិតយុវជន យុវនារីបន្ថែមទៀត ដើម្បី ដកស្រង់បច្ចេកទេសពីការបណ្តុះបណ្តាល និងជម្រុញធនធានយុវជនថ្នាលឲ្យបានច្រើន ត្រៀមការប្រមូលផ្តុំហ្វឹកហាត់ក្រុមថ្នាល និងត្រៀមការចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលកម្ពុជាទទួល សិទ្ធធ្វើជាម្ចាស់ផ្ទះ ៕


Most Popular

To Top