ខេត្តកំពង់ធំ មិនត្រឹមតែជាច្រកឆ្លងកាត់ដ៏សំខាន់ទៅកាន់តែសៀមរាប និងព្រះវិហារតែប៉ុណ្ណោះទេ ប៉ុន្តែខេត្តនេះ ក៏សម្បូរទៅដោយតំបន់ទេសចរណ៍ល្បីៗជាច្រើនផងដែរ។ ក្នុងនោះមានរមណីយដ្ឋាន ៣កន្លែងដែលល្បីបំផុតប្រចាំខេត្តកំពង់ធំតែម្តង គឺប្រាសាទសំបូរព្រៃគុក ភ្នំសន្ទុក និងស្ទឹងជីនិត ឬទំនប់១មករា។
ប្រាសាទសំបូរព្រៃគុក
យើងធ្វើដំណើរចេញពីទីរួមខេត្តឆ្លងស្ពានស្ទឹងសែនឆ្ពោះទៅតាមផ្លូវជាតិលេខ ៦ ដល់ផ្លូវបំបែបទៅសៀមរាប និង ព្រះវិហារ រួចជិះទៅត្រង់តាមផ្លូវជាតិលេខ ៦៤ កំពង់ធំព្រះវិហារប្រមាណជាជាង ៤០ នាទី យើងនឹង ទៅដល់រមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទសំបូរព្រៃគុកជាមិនខាន។ ប្រាសាទនេះទទួលបានការទាក់ទាញខ្លាំង ក្រោយត្រូវបានដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក។
ប្រាសាទនេះសង់ពីថ្មបាយក្រៀម ឥដ្ឋតាន់ និង ថ្មភក់ ក្នុងរជ្ជកាលព្រះបាទឥ្ឍសានវរ័្មន ក្នុងគ.ស ឆ្នាំ ៦១៦-៦៣៥ នាសម័យចេនឡា ដើម្បីឧទ្ទិសថ្វាយព្រះសិវៈក្នុងលទ្ធិព្រហ្មញ្ញសាសនា។ ក្នុងបរិវេណ រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្ត និង ធម្មជាតិនេះ តាមអ្នកស្រាវជ្រាវបានរកឃើញថា មាន ប្រាសាទប្រហែលជាង ១២០ ប្រាសាទស្ថិតនៅជាក្រុមៗ ខណៈដែលឥឡូវប្រាសាទប្រមាណជា ៤០ ទៅ ៥០ ដែលមានរូប ឃើញតួប្រាសាទ។ ប្រាសាទដែលមានសភាពល្អជាងគេនោះ មាន ប្រាសាទតោ និង ប្រាសាទយាយព័ន្ធ។ នៅទីនោះក៏មានម្ហូបអាហារសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ដែលអញ្ចើញមកទស្សនា ម្ហូបពិសេសហើយល្បីនៅទីនោះគឺមាន់ដុត។
ភ្នំសន្ទុក
និយាយពីភ្នំសន្ទុកសឹងស្រក់ទឹកមាត់ភ្លាមតែម្ដងនឹកឃើញមាន់ដុត ក្តៅៗ ដែលល្បីស្ទើរពេញទាំង ខេត្ត មាន់ដុតនៅទីនោះឆ្ងាញ់ផ្អែមជាប់មាត់តែម្តង។ ភ្នំសន្ទុក ស្ថិតបណ្តោយផ្លូវជាតិលេខ ៦ ក្នុងភូមិកកោះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ចំងាយ ១៧គី ឡូម៉ែត្រពីទីរួមខេត្ត។
មធ្យោបាយធ្វើដំណើរឡើងរមណីយដ្ឋានបែបធម្មជាតិ និង ប្រវត្តិសាស្ត្រមួយនេះ អាចឡើងតាមម៉ូតូ រថយន្តតាមផ្លូវក្រាលបេតុងក៏បាន ឬតាមថ្មើរជើងក៏បាន ដែលមានកាំជណ្តើរប្រមាណ ៨០៩ កាំពីជើងភ្នំ។ ពេលឡើងភ្នំយើងនឹងឃើញព្រះវិហារនៅជាប់នឹងកាំជណ្តើរឡើង កន្លែងទម្លាក់កាក់ អាស្រមអ្នកតា ថ្មអណ្តែត រូបព្រះបាទជាន់ទុក និង មើលឃើញទេសភាពខៀវស្រងាត់ខ្យល់អាកាសបរិសុទ្ធជុំវិញបឹងទន្លេសាប។ ចំពោះអ្នកទៅលេងនៅទីនោះ ភាគច្រើនទៅលេងនៅពេលថ្ងៃឈប់សំរាកចុងសប្តាហ៍ និង មានពិធីបុណ្យផ្សេងៗលក្ខណៈ ជាក្រុមគ្រួសារ ឬមិត្តភក្ដិ។
ស្ទឹងជីនិត ឬទំនប់ ១មករា
ទំនប់បង្ហៀរទឹក១មករាស្ថិតនៅក្នុងភូមិតាភោក ឃុំបល្ល័ង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ គេកសាង ឡើងក្នុងគោលបំណងផ្តោតទៅលើប្រព័ន្ធស្រោចស្របដំណាំកសិកម្មនៅក្នុងស្រុកសន្ទុក និង ស្រុកបារាយណ៍ដែលមានកន្លែងទំនប់បង្ហៀរទឹកប្រវែង ៧៥០ ម៉ែត្រ។ រមណីយដ្ឋានដ៏គួរឲ្យគយគន់នេះ ស្ថិតនៅពីផ្លូវបំបែកកំពង់ថ្មប្រមាណ ៤ គីឡូម៉ែត្រ។ គ្រាន់តែកន្លែងទំនប់បង្ហៀរទេ តែឥឡូវកំពុងតែជាកន្លែងពេញនិយមសម្រាប់ប្រជាជនក្នុងតំបន់ជាពិសេសយុវវ័យមកងូតទឹកលេង និង មកញុំអាហារបែបស្រុកស្រែដែលមានរសជាតិឈ្ងុយឆ្ងាញ់ទៀតផង។
ប្រភព៖sabay