ព័ត៌មានអន្តរជាតិ

ចិន អាមេរិក ត្រូវការកិច្ចពិភាក្សាស៊ីជម្រៅ និងទូលំទូលាយ

AFP

វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បានឲ្យដឹងថា ប្រទេសចិន និងសហរដ្ឋអាមេរិក ចាំបាច់ត្រូវមានការសន្ទនាគ្នា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

មិនត្រឹមតែចិន និងអាមេរិក ចាប់ផ្តើមកិច្ចសន្ទនាឡើងវិញនោះទេ ការសន្ទនាគួរតែស៊ីជម្រៅ និងទូលំទូលាយ ដើម្បីឲ្យភាគីទាំងពីរអាចបង្កើនការយល់ដឹងគ្នាទៅវិញទៅមក កាត់បន្ថយការយល់ច្រលំ និងការវិនិច្ឆ័យខុស ដោយបន្តស្វែងរកការពង្រីកមូលដ្ឋានរួម និងបន្តកិច្ចសហប្រតិបត្តិការ ដែលនឹងផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ។ លោក វ៉ាង យី ក៏ជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនផងដែរ។

លោកបានធ្វើការកត់សម្គាល់នេះ នៅពេលដែលលោក និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានបង្ហាញខ្លួនយ៉ាងខ្លីនៅ ចំពោះមុខអ្នកសារព័ត៌មាន មុនពេលពួកគេបើកកិច្ចប្រជុំមួយ។

​នៅក្នុងសារអបអរសាទរ ចំពោះពិធីជប់លៀង Gala Dinner ប្រចាំឆ្នាំរបស់គណៈកម្មាធិការជាតិ ស្តីពីទំនាក់ទំនងអាមេរិក-ចិន និងជំនួបជាមួយលោក Gavin Newsom អភិបាលរដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃពុធ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានរំលឹកឡើងវិញនូវគោលការណ៍ចំនួន៣ ដែលចិន បានប្រកាន់ខ្ជាប់ក្នុងការដោះស្រាយរបស់ខ្លួន​ លើទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក។

លោក Lyazid Benhami អនុប្រធានសមាគមមិត្តភាពបារាំង-ចិន នៅទីក្រុងប៉ារីស បានឲ្យដឹងថា ទាំងលោក ស៊ី និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានផ្ញើសារអបអរសាទរដល់ពិធី Gala Dinner ប្រចាំឆ្នាំ ដែលជា “ការលើកទឹកចិត្ត” ។

លោក Benhami បានសង្កត់ធ្ងន់ថា វាមានសារៈសំខាន់ណាស់ក្នុងការ “លើកកម្ពស់ទំនាក់ទំនងពិសេសមួយរវាងប្រទេសចិន និងសហរដ្ឋអាមេរិក ដែលជាទំនាក់ទំនង ដែលបង្កើតឡើងនៅលើការជឿទុកចិត្តជាថ្មី និងបំណងប្រាថ្នា ដើម្បីយកឈ្នះលើភាពខុសប្លែកគ្នា និងវដ្តនៃឧបសគ្គ” ។

លោក Tom Watkins អតីតទីប្រឹក្សាមជ្ឈមណ្ឌលច្នៃប្រឌិត Michigan-China បានឲ្យដឹងថា “ប្រវត្តិសាស្ត្របានបង្ហាញថា ការសាងសង់ស្ពានគឺជាយុទ្ធសាស្ត្រប្រសើរជាងការសាងសង់ជញ្ជាំង​” រវាងសហរដ្ឋអាមេរិក និងប្រទេសចិន។

លោក Watkins បានបន្ថែមថា នៅក្នុងពិភពលោកដែលពោរពេញដោយភាពតានតឹង និងភាពមិនច្បាស់លាស់ កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីដោះស្រាយបញ្ហា និងការគំរាមកំហែងដែលមានស្រាប់ ដែលកំពុងប្រឈមមុខនឹងប្រទេសទាំងពីរ និងមនុស្សជាតិទាំងអស់គឺត្រូវការជាចាំបាច់។

លោក Watkins បានបន្ដថា “វាជាការចាំបាច់ ដែលយើងស្វែងរកវិធីដើម្បីអភិវឌ្ឍទស្សនៈវិស័យរួម និងរបៀបវារៈរួមនៅក្នុងតំបន់ ដែលមានផលប្រយោជន៍ជាតិរួមរបស់យើង ខណៈពេលដែលយើងមានការសន្ទនាបើកចំហលើប្រធានបទ ដែលយើងមិនយល់ស្រប”៕
ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top