ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ថា ក្រសួងសុខាភិបាល គ្រប់គ្រងដោយក្រុម ហាម៉ាស់បានឲ្យដឹង កាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់ របស់ពលរដ្ឋប៉ាឡេស្ទីន បានកើនឡើង ដល់២១.៩៧៨នាក់បន្ទាប់ពីការផ្ទុះឡើង នៃជម្លោះរវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ កាលពីថ្ងៃទី៧ ខែតុលា ។
លោក Ashraf al-Qedra អ្នកនាំពាក្យក្រសួង បានលើកឡើងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា កងទ័ពអ៊ីស្រាអ៊ែលបាន សម្លាប់ជនជាតិប៉ាឡេស្ទីន អស់ចំនួន១៥៦នាក់ និងរបួសចំនួន២៤៦នាក់ផ្សេងទៀត នៅតំបន់ហ្គាហ្សាស្ទ្រីប គិតនៅក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ។
លោក al-Qedra បានលើកឡើងយ៉ាងដូច្នេះថា ដោយតែមានហេតុការណ៍ កើតឡើងថ្មីបាននាំឱ្យចំនួន អ្នកស្លាប់ជនជាតិប៉ាឡេស្ទីនកើនឡើងដល់២១.៩៧៨នាក់ និងរបួសដល់៥៦.៦៩៧នាក់គិតចាប់តាំងពីថ្ងៃទី៧ ខែតុលា ។
លោកបានថ្លែងថា ការវាយប្រហាររបស់ អ៊ីស្រាអ៊ែល បានសម្លាប់បុគ្គលិក ពេទ្យចំនួន៣២៦នាក់ និងបានបង្ខំឱ្យមន្ទីរ ពេទ្យចំនួន៣០កន្លែងនៅក្នុងចំណោម មន្ទីរពេទ្យចំនួន៣៥កន្លែងនៅតំបន់ហ្គាហ្សាស្ទ្រីប ឈប់ដំណើរការ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា