ចិន ៖ យោងតាមការចេញផ្សាយថ្ងៃទី ២៥ ខែធ្នូ ពីវិទ្យាស្ថានបុរាណវិទ្យា នៅបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន និងបណ្តាញបុរាណវិទ្យាចិន បានឲ្យដឹងថា ក្រឡដែលមានអាយុកាល ៧០០០ ឆ្នាំត្រូវបានគេរកឃើញក្នុងផ្នូរបុរាណនៅប្រទេសចិន ហើយក្រឡនេះ ត្រូវបានគេរកឃើញនៅទីតាំង Peiligang ក្នុងទីក្រុង Xinzheng ខេត្ត Henan យោងតាមការចេញផ្សាយពីគេហទំព័រ Sputnik ។
ក្រឡមានរូបរាងប្លែក និងមានមាត់តូចមួយ នៅផ្នែកខាងលើ និងខាងក្រោមចង្អុល ហើយក្រឡនេះមានទំហំ ១០.១៦ សង់ទីម៉ែត្រ មើលទៅហាក់ ដូចជាវាមានរាង ដូចតំណក់ទឹកភ្នែក ឬស្ប៉ា។ ដំបូងឡើយ អ្នកស្រាវជ្រាវបានប៉ាន់ប្រមាណថា ក្រឡនេះមានអាយុកាលប្រហែល ៧៧០០ ឆ្នាំ។
យោងតាមប្រភពថ្មីមួយបានឲ្យដឹងថា កន្លែងដែលវាត្រូវបានគេរកឃើញត្រូវបានចាត់ទុកថា ជាកន្លែងកំណើតមួយនៃអរិយធម៌កសិកម្មរបស់ចិន។ ការតាំងទីលំនៅនេះមានអាយុកាលចន្លោះពី ៧៦០០ ទៅ ៨០០០ ឆ្នាំ ដែលមានផ្ទៃដីពី ៥០០០០ ទៅ ៦០០០០ ម៉ែត្រការ៉េ។
មុនពេលការរកឃើញនេះ ក្រឡរាងប្លែកៗទាំងនេះត្រូវបានគេរកឃើញពីមុន ហើយត្រូវបានចាត់ទុកថាជាវត្ថុបុរាណតំណាងនៃវប្បធម៌ Yangshao បុរេប្រវត្តិ។ វប្បធម៌យុគថ្មរំលីងនេះមានដើមកំណើតតាមដងទន្លេលឿងក្នុងប្រទេសចិន ត្រូវបានគេស្គាល់ថា ជាខេត្ត Shaanxi ភាគពាយ័ព្យនៃប្រទេសចិន ខេត្ត Shanxi ភាគខាងជើងប្រទេសចិន និងខេត្ត Henan ភាគកណ្តាលរបស់ប្រទេសចិន ។
ក្រឡទាំងនេះ ត្រូវបានគេរកឃើញក្នុងអគារ លំនៅឋាន រណ្តៅផេះ និងកន្លែងបញ្ចុះសព ប៉ុន្តែវាមិនច្បាស់ថា ប្រភេទដបទាំងនេះ ត្រូវបានប្រើប្រាស់ សម្រាប់អ្វីនោះទេ ទោះបីជាអ្នកបុរាណវត្ថុវិទូមួយចំនួនជឿថា វាត្រូវបានគេប្រើជាកប៉ាល់ សម្រាប់ការប្រមូលទឹក ជាធុងសម្រាប់ផលិតស្រាបៀរ ឬវត្ថុបញ្ចុះសពក៏ដោយ ៕
ដោយ៖លី ភីលីព