ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្ត Tesla លុបចោលគម្រោង បង្កើតរោងចក្រផលិត រថយន្តអគ្គិសនី នៅក្នុងប្រទេសថៃ

បរទេស៖ ក្រុមហ៊ុនផលិតរថយន្ត Tesla បានលុបចោលគម្រោងបង្កើត រោងចក្រផលិត រថយន្តអគ្គិសនីនៅក្នុងប្រទេសថៃ ហើយនឹងផ្តោតតែលើស្ថានីយ៍សាកថ្មប៉ុណ្ណោះ, នេះបើយោងតាមប្រភព ពីវិមានរដ្ឋាភិបាលថៃ។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ការសម្រេចចិត្តនេះ ធ្វើឡើង បន្ទាប់ពីការផ្អាកការងារ របស់ក្រុមនាយកប្រតិបត្តិ Tesla ដែលបានធ្វើទស្សនកិច្ច នៅប្រទេសថៃ ក្នុងខែវិច្ឆិកាដល់ខែធ្នូ។

ប្រភពបាននិយាយថា “បច្ចុប្បន្នក្រុមហ៊ុន Tesla កំពុងពិភាក្សា តែស្ថានីយសាកថ្មប៉ុណ្ណោះ ដោយផែនការរោងចក្រ ត្រូវបានផ្អាកមិន ត្រឹមតែនៅក្នុងប្រទេសថៃប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងពិភពលោក។ ពួកគេមិនដំណើរការនៅ ក្នុងប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឬកន្លែងផ្សេងទៀតទេ លើកលែងតែប្រទេសចិន អាមេរិក និងអាល្លឺម៉ង់”។

នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានប្រកាស កាលពីខែវិច្ឆិកាឆ្នាំមុនថា Tesla បានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើឱ្យប្រទេសថៃ ក្លាយជាមជ្ឈមណ្ឌលផលិតរថយន្ត EV របស់ខ្លួន។ ការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីលោកបានជួបប្រជុំ ជាច្រើនជាមួយនាយកប្រតិបត្តិ Tesla ទាំងនៅអាមេរិក និងថៃ។

លោក សេដ្ឋា ថាវីស៊ីន បានទៅទស្សនារោងចក្រ Fremont របស់ក្រុមហ៊ុន Tesla ក្នុងរដ្ឋកាលីហ្វ័រញ៉ា ក្នុងអំឡុងពេលទស្សនកិច្ច នៅសហរដ្ឋអាមេរិកសម្រាប់កិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC លើកទី 30 នៅក្នុងខែវិច្ឆិកា ដោយបានជួបជាមួយនាយកប្រតិបត្តិ Tesla និងថតរូបជាមួយ រថយន្ត Cybertruck ដែលជារថយន្តអគ្គិសនី ដ៏លេចធ្លោរបស់ក្រុមហ៊ុន Tesla ថែមទៀត។

លោក សេដ្ឋា ថាវីស៊ីន និងមេដឹកនាំគណបក្សភឿថៃ ដែលកំពុងកាន់អំណាចលោកស្រី Paetongtarn Shinawatra បានជួបជាមួយនាយកប្រតិបត្តិជាន់ខ្ពស់ Tesla លោក Rohan Patel ក្នុងពិធីបុណ្យ Yi Peng ក្នុងទីក្រុងឈៀងម៉ៃ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ។ ក្នុងពេលជាមួយគ្នានោះ នាយករដ្ឋមន្ត្រី បានប្រកាសថា Tesla កំពុងធ្វើការស្ទង់មតិទីតាំង រោងចក្រសក្តានុពល ចំនួនបីនៅក្នុងប្រទេសថៃ ហើយត្រូវបានគេរំពឹងថា នឹង ប្រកាសការ វិនិយោគជាង ៥ ពាន់លានដុល្លារ នៅក្នុងត្រីមាស ទីមួយនៃឆ្នាំនេះ ៕

Most Popular

To Top