កីឡា

កីឡាករអាស៊ីអាគ្នេយ៍ ២ រូបត្រូវបានហាមប្រាម ចូលរួមរាល់សកម្មភាព កីឡាបាល់ទាត់ពីបទបន្លំអាយុ

RT News

អាស៊ីអាគ្នេយ៍ ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កីឡាករ Timor-Leste ២នាក់ត្រូវបានហាមប្រាម ចូលរួមរាល់សកម្មភាព កីឡាបាល់ទាត់ បន្ទាប់ពីការស៊ើបអង្កេត ដោយសហព័ន្ធបាល់ទាត់អាស៊ី (AFC) លើការក្លែងបន្លំអាយុ នៃការប្រកួតពាន់រង្វាន់យុវជន ។

ខ្សែការពារ Jaimito Antonio Da Costa Soares ត្រូវបានហាមឃាត់រយៈពេល ១២ ខែ និងពិន័យជាប្រាក់ចំនួន ១០,០០០ ដុល្លារ ខណៈកីឡាករខ្សែបម្រើ Antonio Da Costa Soares Moniz ទទួលបានបម្រាមរយៈពេល ៩ ខែ និងពិន័យជាប្រាក់ចំនួន ៥,០០០ ដុល្លារ ។ កីឡាករទាំង ២នាក់មិនបានចូលរួមសម្ភាសន៍ ឬឆ្លើយតបទៅនឹងសំណើ ជាលាយលក្ខណ៍អក្សរសម្រាប់ព័ត៌មាន ដែលជំរុញឲ្យ AFC បញ្ចប់ការស៊ើបអង្កេតរបស់ខ្លួន និងដាក់ទណ្ឌកម្មវិន័យ។

កីឡាករ Moniz កើតក្នុងឆ្នាំ ១៩៩៦៦ បានចូលរួមក្នុងវគ្គជម្រុះ AFC U19 Championship 2016 ទោះបីជាមាន អាយុច្រើន ក៏ដោយ។ AFC បាននិយាយថា កីឡាករ Moniz បានប្រើ ID របស់អ្នកដទៃដើម្បីប្រកួតប្រជែង។

កីឡាករ Jaimito កើតនៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០០៣ ត្រូវបានគេរកឃើញថា បានប្រើប្រាស់អត្តសញ្ញាណក្លែង ក្លាយដើម្បីចូលរួម ក្នុងការប្រកួតជម្រុះ AFC U19 Championship ឆ្នាំ ២០២០ និងវគ្គជម្រុះ AFC U23 Championship ឆ្នាំ ២០២២ ដែលទីម័រខាងកើតខកខាន ក្នុងការប្រកួតសំខាន់ៗ ។

កីឡាករ Jaimito ក៏បានចូលរួមប្រកួតនៃការប្រកួតយុវជនក្នុងតំបន់ រួមទាំងពានរង្វាន់ AFF U23 Championship ឆ្នាំ ២០២២ ដែលលោកជាប់ឈ្មោះក្នុងក្រុមល្អបំផុត XI និង SEA Games 31។ AFC បានរកឃើញការបំពានរបស់លោក បន្ទាប់ពីបានកត់សម្គាល់ពីការចូល រួមក្នុងពានរង្វាន់ AFF U19 Championship ឆ្នាំ ២០១៥ នៅពេលលោក ទើបតែបានចូលលេងមានអាយុ 12 ឆ្នាំនៅពេលនោះយោង ទៅតាមអត្តសញ្ញាណ ក្លែងក្លាយរបស់លោក។

AFC បានបញ្ជាក់លើរបាយការណ៍របស់ខ្លួនថា កីឡាករមិនបានប្រព្រឹត្តិ ដោយភាពស្មោះត្រង់ខ្ពស់បំផុតនោះទេ” ដោយបន្ថែមថា សកម្មភាពបែបនេះធ្វើឲ្យខូចកេរ្តិ៍ឈ្មោះបាល់ទាត់អាស៊ី។

ទីម័រខាងកើត ជាប្រទេស កំពុងអភិវឌ្ឍន៍ នៅអាស៊ីអាគ្នេយ៍ដែលមានប្រជាជន ១.៣៥ លាននាក់ បានប្រឈមមុខ នឹងការសង្ស័យ ជាញឹកញាប់ នៃការក្លែងបន្លំអាយុ ក្នុងកីឡាបាល់ទាត់ និងការប្រើប្រាស់ឯកសារមិន ពិតដើម្បីផ្តល់ សញ្ជាតិដល់កីឡាករ ។ ក្រុមបាល់ទាត់បុរស របស់ប្រទេសនេះ បច្ចុប្បន្ន ស្ថិតក្នុងចំណាត់ ថ្នាក់ទី១៩៦ក្នុង ចំណោមក្រុមចំនួន២១០ លើចំណាត់ថ្នាក់របស់ FIFA ។

កាលឆ្នាំ ២០១៧ AFC បានដកសិទ្ធិកីឡាករទីម័រខាងកើតចំនួន ១២ នាក់មានដើមកំណើតប្រេស៊ីល បន្ទាប់ពីរកឃើញថា លិខិតឆ្លងដែនរបស់ពួកគេខុសច្បាប់ ។ សហព័ន្ធកីឡាបាល់ទាត់ទីម័រខាងកើត ត្រូវបានពិន័យជាប្រាក់ចំនួន ៧៦,០០០ ដុល្លារអាមេរិក ខណៈអគ្គលេខាធិការ នាពេលនោះ លោក Amandio de Araujo Sarmento ត្រូវបានហាមឃាត់ មិនឲ្យធ្វើសកម្មភាពបាល់ទាត់រយៈពេល ៣ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៩,០០០ ដុល្លារ៕

Most Popular

To Top