ម៉ូស្គូ៖ កាលពីថ្ងៃអាទិត្យ អាជ្ញាធរអាកាសចរណ៍ បានបិទជាបណ្តោះអាសន្ន នូវអាកាសយានដ្ឋានអន្តរជាតិ Domodedovo, Zhukovsky និង Sheremetyevo នៅក្នុងតំបន់ម៉ូស្គូ ដោយសារហានិភ័យ ដែលអាចកើតមាន នៃការវាយប្រហារដោយ យន្តហោះគ្មានមនុស្សបើក ។
ទីភ្នាក់ងារសហព័ន្ធដឹកជញ្ជូន តាមផ្លូវអាកាសរុស្ស៊ី បានចេញសេចក្តីថ្លែងការណ៍មួយឲ្យដឹងថា “ដើម្បីធានាសុវត្ថិភាព នៃការហោះហើរយន្តហោះស៊ីវិល ការរឹតបន្តឹងបណ្តោះអាសន្ន ត្រូវបានណែនាំ សម្រាប់ប្រតិបត្តិការនៃអាកាសយានដ្ឋាន Domodedovo និង Zhukovsky ចាប់ផ្តើមពីម៉ោង៨និង០៣ម៉ោងនៅទីក្រុងម៉ូស្គូ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកានេះ ។ អាកាសយានដ្ឋានមិនទទួលយក ឬបញ្ជូនជើងហោះហើរជាបណ្តោះអាសន្ន” ។
អាកាសយានដ្ឋានអន្តរជាតិ Sheremetyevo ក្រោយមកក៏ត្រូវបានបិទផងដែរ ។
សេចក្តីថ្លែងការណ៍បានដាក់ថា នាវិកយន្តហោះ អ្នកត្រួតពិនិត្យ ចរាចរណ៍ផ្លូវអាកាស និងសេវាកម្មអាកាសយានដ្ឋាន កំពុងចាត់វិធានការចាំ បាច់ទាំងអស់ ដើម្បីធានាសុវត្ថិភាពជើងហោះហើរ គឺជាអាទិភាពបំផុត ។
លោក Sergei Sobyanin អភិបាល ក្រុងម៉ូស្គូ បានលើកឡើងថា យន្តហោះគ្មានមនុស្សបើកចំនួន៧ គ្រឿងទៀត ត្រូវបានបាញ់ទម្លាក់ នៅក្នុងតំបន់ Domodedovo, Ramenskoye និង Kolomna កាលពីព្រឹកថ្ងៃអាទិត្យ ដែលនាំឱ្យចំនួនយន្តហោះគ្មាន មនុស្សបើកសរុប ចំនួន៣២គ្រឿង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា