ភ្នំពេញ៖ លោក ណុប វណ្ណថារ៉ូ អគ្គលេខាធិការរងសហព័ន្ធកីឡាការ៉ាតេកម្ពុជានាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នេះបានអញ្ជើញចូលរួម ពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបច្ចេកទេស កីឡាការ៉ាតេកម្រិតមធ្យម នៅសាលប្រជុំគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) ដែលមានរយៈពេល ៥ ថ្ងៃចាប់ថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ។

លោក ដែក ភារៈ អគ្គលេខាធិការរង សហព័ន្ធកីឡា ការ៉ាតេកម្ពុជាបានប្រាប់ឲ្យដឹងថា វគ្គបណ្តុះបណ្តាលគ្រូបច្ចេកទេសការ៉ាតេកម្រិតមធ្យម ថ្នាក់ជាតិ ឆ្នាំ២០២៤ មានសាលាគុន សមាគម ក្លឹប ចំនួន៤៥ ចូលរួម មានសិក្ខាកាមចំនួន ៤៥ នាក់ ក្នុងនោះនារី ចំនួន ១២នាក់។

ចំពោះគ្រូឧទ្ទេសនាមនាវគ្គបណ្តុះបណ្តាលនេះ ដោយខ្ញុំបាទ លោក ដែក ភារៈ អគ្គលេខាធិការរង សហព័ន្ធកីឡា ការ៉ាតេកម្ពុជា គ្រូជំនួយជម្រើសជាតិកីឡាការ៉ាតេកម្ពុជា ដែលជាគ្រូដឹកនាំកីឡាការ៉ាតេអាស៊ីរួមសហការបង្រៀន មានលោកសាស្ត្រាចារ្យ ហេង ផេង គ្រូបង្វឹកជម្រើសជាតិកីឡាការ៉ាតេកម្ពុជា ជាគ្រូដឹកនាំកីឡាការ៉ាតេអាស៊ី លោកព្រឹទ្ធាចារ្យ យាន ងួន ជាទីប្រឹក្សាគណៈកម្មការបច្ចេកទេស សហព័ន្ធកីឡាការ៉ាតេកម្ពុជា។

លោក ណុប វណ្ណថារ៉ូ បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលគ្រូបច្ចេកទេសការ៉ាតេ កម្រិត មធ្យមនេះឲ្យកើតឡើង ក្នុងគោលបំណងលើកកម្ពស់ធនធាន គ្រូបង្វឹកតាមបណ្តាក្លឹបឲ្យកាន់តែមានយល់ដឹង ក្នុងការបង្ហាត់ឲ្យមាន សក្តានុពល និងដើម្បីត្រៀមលក្ខណៈសម្បត្តិ ក្នុងការបណ្តុះបណ្តាលធនធានកីឡាការ៉ាតេ ឲ្យតែមានការរីកចម្រើន ទូទាំងប្រទេស។ របៀបនៃការបង្កើននូវធនធានកីឡាករ-កីឡាការិនី ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍កីឡាការ៉ាតេ ទាំង ថ្នាក់ជាតិ និងអន្តរជាតិនានា ព្រមទាំងពង្រឹងកីឡាករ កីឡាការិនីវ័យក្មេង ដើម្បីត្រៀមលក្ខណៈចូលរួមក្នុង ព្រឹត្តិការណ៍នៃការប្រកួត កីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលប្រទេសកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះផងដែរ ។

លោក ណុប វណ្ណថារ៉ូ បានបន្តថា ឆ្លងតាមរបាយការណ៍របស់ លោកគ្រូ ដែក ភារៈ អ្នកគ្រប់គ្រងវគ្គនាពេលនេះ បានបង្ហាញឲ្យឃើញថា សិក្ខាកាមបានមករៀន វគ្គបណ្តុះបណ្តាលគ្រូបច្ចេកទេសការ៉ាតេ កម្រិតមធ្យមមានចំនួន៤២នាក់ ដែលប្រងៀន ដោយលោកសាស្ត្រាចារ្យ ដែក ភារៈ លោកសាស្ត្រាចារ្យ ហេង ផេង ជាគ្រូដឹកនាំការ៉ាតេអាស៊ី និងលោក ព្រឹទ្ធាចារ្យ យាន ងួន ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការបង្ហាត់កីឡាការ៉ាតេ។
ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំសូមផ្តាំផ្ញើនូវចំណុចមួយចំនួន ចំពោះលោកគ្រូ អ្នកគ្រូ ដែលបានរៀន វគ្គបណ្តុះបណ្តាលគ្រូបច្ចេកទេស ការ៉ាតេកម្រិតមធ្យមនាពេលនេះ ត្រូវយកចិត្តទុកដាក់ក្នុងការរៀនសូត្រប្រកប ដោយជោគជ័យ ហើយត្រូវលើកកំពស់ស្មារតី ទទួលខុសត្រូវចំពោះ វិជ្ជាជីវៈជាគ្រូក្នុងការបណ្តុះបណ្តាលធន ធានកីឡាករ កីឡាការិនី ដោយប្រកាន់ខ្ជាប់នូវសច្ចៈ យុត្តិធម៌ ដើម្បីរក្សានូវគុណតម្លៃនៃវិជ្ជាជីវៈរបស់ខ្លួន។
លោកអគ្គលេខាធិការរង ក៏សូមថ្លែងអំណរគុណផងដែរ ចំពោះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានផ្តល់នូវទីតាំង សម្រាប់រៀនវគ្គបណ្តុះបណ្តាលគ្រូបច្ចេកទេស ការ៉ាតេកម្រិតមធ្យម និងក្រសួងអប់រំ យុវជន និងកីឡា ដែល បានឧបត្ថម្ភ គាំទ្រ ទាំងស្មារតី ថវិកា ឲ្យមានការរៀនវគ្គនេះឲ្យ កើតឡើងប្រកបដោយជោគ ជ័យនាថ្ងៃនេះ ដើម្បី អភិវឌ្ឍន៍វិស័យកីឡាការ៉ាតេ ឲ្យកាន់តែមានការរីកចម្រើនថែមទៀតសម្រាប់ សហព័ន្ធកីឡាការ៉ាតេកម្ពុជា ៕
