ភ្នំពេញ ៖ នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ លោក សេក សុភ័ក្រ្ត អគ្គលេខាធិការ តំណាងឲ្យលោក គុជ គីមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានអញ្ជើញចូលរួមពិធីបិទ វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រមកីឡា អុកចត្រង្គថ្នាក់ជាតិ ឆ្នាំ២០២៤ នៅសាលប្រជុំគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា រៀបចំដោយ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ។

លោកគ្រូ ហួយ សូណា ប្រធានគណៈកម្មការសម្រលសម្រួលវគ្គបានប្រាប់ឲ្យដឹងថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រមកីឡាអុកចត្រង្គថ្នាក់ជាតិ ឆ្នាំ២០២៤ បានដំណើរចាប់ពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយបានទទួលថវិកាគាំទ្រ របស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២៤ ដោយមានសិក្ខាកាមចូលរួមសរុបចំនួន ២៦នាក់ មកពី១៨ ក្លឹបជាសមាជិករបស់សហព័ន្ធ។
យោងតាមរបាយការណ៍ ពីលោកគ្រូ ឧទ្ទេសប្រចាំវគ្គការសិក្សាអស់រយៈពេល ៥ ថ្ងៃដោយមានការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ប្រកប ដោយភាពទទួលខុសត្រូវ គឺទទួលបានលទ្ធផលនិទ្ទេសល្អ ១៥ នាក់ និទ្ទេសល្អបង្គួរចំនួន ៨នាក់ និទ្ទេសមធ្យមចំនួន ៣នាក់ ។

លោក ហួយ សូណា បានបន្តថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រម កីឡាអុកចត្រង្គថ្នាក់ជាតិនេះ នាពេលនេះពិតជាមានសារសំខាន់ សំណាស់ក្នុងពង្រឹង និង ពង្រីកធនធានមនុស្ស ដើម្បីចូលរួមអភិរក្ស និងអភិវឌ្ឍវិស័យកីឡា អុកចត្រង្គនៅកម្ពុជា ឲ្យទទួលបាននូវលទ្ធផលល្អ ក្នុងការដឹកនាំការប្រកួតថ្នាក់ជាតិ និងលើឆាកអន្តរជាតិនានា ក៏ដូចជាការត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAME 2025 លើកទី៣៣ នៅប្រទេសថៃ ។

លោក សេក សុភ័ក្រ្ត មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រមកីឡាអុកចត្រង្គថ្នាក់ជាតិ ឆ្នាំ២០២៤ ត្រូវបានប្រារព្ធធ្វើឡើង ក្នុងគោលបំណងបង្កើនសមត្ថភាព និងបរិមាណអាជ្ញាកណ្តាល និងចៅក្រមកម្រិតជាតិ សម្រាប់បង្ហាត់បង្រៀនអ្នកជំនាន់ក្រោយឲ្យកាន់តែមានភាពរីកចម្រើន ដើម្បីចូលរួមអភិរក្ស និង អភិវឌ្ឍវិស័យកីឡាអុកចត្រង្គ ដែលជាកេរដំណែលរបស់ដូនតានៃព្រះរាជាណាចក្រកម្ពុជា ឲ្យទទួលបាននូវលទ្ធផលល្អ ។

វគ្គនេះត្រូវបានរៀបចំ ជាលើកទី៨ របស់សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានរៀបចំវគ្គនេះឡើង ដើម្បីបន្តដំណើរការអភិវឌ្ឍ នៃវិស័យកីឡា ប្រពៃណីជាតិខ្មែរមួយនេះ ឲ្យមានគុណភាពបន្ថែមទៀត ។ លោកប្រធានបានសង្កត់ធ្ងន់យ៉ាងដូច្នេះថា គោលបំណងសំខាន់នៃការបង្កើតសហព័ន្ធកីឡា អុកចត្រង្គកម្ពុជា គឺដើម្បីរួមចំណែកក្នុងការអភិរក្ស និងអភិវឌ្ឍកីឡាអុកចត្រង្គ ដែលជាកេរមរតកពីដូនតាខ្មែរយើង ដើម្បីឲ្យកូនចៅជំនាន់ក្រោយ បានយល់ដឹង ថែរក្សាទុក និងដើម្បីផ្សព្វផ្សាយទៅកាន់ បណ្តាលប្រទេស ក្នុងតំបន់ និងជុំវិញពិភពលោក ។

លោកបានរម្លឹថា សម្រាប់សកម្មភាព ឆ្នាំ២០២៣ សហព័ន្ធបានចូលរួមប្រកួតក្នុងព្រឹត្តការណ៍កីឡា SEA GAME 202៣ លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយទទួលបានលទ្ធផលល្អ គឺទទួលបានមេដាយមាស ១ មេដាយប្រាក់ចំនួន០៤ និងមេដាយសំរឹទ្ធ១គ្រឿង ។ ដោយមានការយកចិត្តទុកដាក់ខ្ពស់ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងដោយមានការគាំទ្រ ពីក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ប្រភេទកីឡាអុកចត្រង្គត្រូវបានបង្កើតឡើង ដើម្បីចូលរួមលើកស្ទួយ និងអភិវឌ្ឍវិស័យកីឡាដូនតាប្រពៃណីជាតិខ្មែរឲ្យកាន់តែមានភាពរីកចម្រើន ទើបសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ដើម្បីស្របតាមផែនការយុទ្ធសាស្ត្ររបស់ខ្លួនឲ្យទទួលបានជោគជ័យ៕



