បរទេស៖ ខណៈដែលមានការសន្មតថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង នឹងធ្វើតេស្តមីស៊ីលឆ្លងទ្វីប (ICBM) នៅប្រហែលដើមឆ្នាំថ្មីនេះ អ្នកវិភាគកូរ៉េខាងត្បូង អះអាងថាកូរ៉េខាងជើងពិចារណាការបាញ់បង្ហោះនេះ ឡើងវិញក្នុងគោលបំណង មិនធ្វើឱ្យចិនដែលជាសម្ព័ន្ធមិត្ត របស់ខ្លួន កាន់តែតឹងតែងបន្ថែមទៀត ចំពេលដែលការរីករាលដាល នៃមេរោគឆ្លង Covid-19។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា នៅខែធ្នូ ឆ្នាំ ២០១៩ មន្ត្រីក្រុងព្យុងយ៉ាងបានសន្យាថា សហរដ្ឋអាមេរិកនឹងទទួលបាន “ អំណោយបុណ្យណូអែល” ប្រសិនបើទីក្រុងវ៉ាស៊ីនតោនមិនបានវិលត្រឡប់មកតុចរចាវិញ ដើម្បីពិភាក្សាអំពីការរំសាយអាវុធនុយក្លេអ៊ែរនៅចុងឆ្នាំនេះនោះទេ។
ទោះយ៉ាងណាក៏ដោយ ចុងបញ្ចប់នៃឆ្នាំបានមកដល់ ហើយមិនមានការពិភាក្សាគ្នារវាងប្រទេសទាំងពីរនៅឡើយទេ រហូតមកដល់ថ្ងៃនេះ ក៏មិនទាន់មានសញ្ញាណាមួយនៃ“ អំណោយ” របស់ក្រុងព្យុងយ៉ាង នៅឡើយដែរ។
ថ្លែងទៅកាន់កាសែត Washington Times នៅដើមសប្តាហ៍នេះ លោក Lee Gee Dong អនុប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រសន្តិសុខជាតិ (INSS) នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងបានពន្យល់ថា ផលប៉ះពាល់នៃមេរោគឆ្លងលើទីក្រុងប៉េកាំង បានធ្វើឱ្យកូរ៉េខាងជើង ពន្យាពេលសាកល្បងមីស៊ីលផ្លោង ICBM ។
មន្ត្រី INSS បាននិយាយថា «មិត្តភាពចាក់ទឹកមិនលិចរវាងកូរ៉េខាងជើង និងចិន, ពេលនេះចិន កំពុងជួបការលំបាកធ្ងន់ធ្ងរ ហើយកូរ៉េខាងជើងមិនចង់ធ្វើរឿងអាក្រក់ជាងនេះទេ។ ខ្ញុំគិតថាក្នុងរយៈពេល ៣ ឬ ៤ ខែខាងមុខនេះ វានឹងស្ងប់ស្ងាត់ ហើយ កូរ៉េខាងជើងនឹងមិនធ្វើសកម្មភាពបង្កហេតុឬគ្រោះថ្នាក់ណាមួយប្រឆាំងនឹងពិភពលោកឡើយ»៕ប្រែសម្រួលៈ ណៃ តុលា