ភ្នំពេញ៖លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡានាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នេះបានដឹកនាំកិច្ចប្រជុំត្រៀម រៀបចំការប្រកួត និងចាប់ឆ្នោត បែងចែកពូល តាមប្រភេទកីឡាក្រុមនៃចូលរួម ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ ដែលប្រពឹ្រត្តិទៅចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ លើ ១២ ប្រភេទកីឡារៀបចំដោយ ក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡាបានសហការការងារ បច្ចេកទេសជាមួយសហព័ន្ធកីឡាជាតិ ទាំង១២នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ។

លោក ហួត សេងទ្រី ប្រធាននាយកដ្ឋាន រៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា បានប្រាប់ឲ្យដឹងថា ការប្រកួតកីឡា សិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ ដែលប្រពឹ្រត្តិទៅចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ លើ ១២ ប្រភេទកីឡា មានគណៈប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីមកពី ២៥ រាជធានី-ខេត្តចំនួន ២៦៨៩ នាក់ ក្នុងនោះគណៈប្រតិភូ អ្នកដឹកនាំ គ្រូបង្វឹក គ្រូជំនួយមានចំនួន ៦០៦ នាក់ កីឡាករចំនួន ១២០២ នាក់ និងកីឡាការិនី ៨៨១ នាក់។ សម្រាប់ ១២ ប្រភេទកីឡារួមមាន កីឡាបាល់ទាត់ បាល់បាល់ទះ បាល់បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT ប៊ូល និងប៉េតង់ គុនល្បុក្កតោ ហែលទឹក គុនដាវ និងចំបាប់ ។

លោកប្រធាននាយកដ្ឋាន រៀបចំព្រឹត្តិការណ៍ បានបន្តថា ការប្រកួតកីឡាថ្នាក់ជាតិ ឆ្នាំ២០២៦ នេះធ្វើឡើងក្នុង គោលបំណង បំផុស សកម្មភាពអប់រំកាយ និងកីឡា នៅក្នុងគ្រឹះស្ថានសិក្សា និងនៅតាមរាជធានីខេត្ត និងជួយឲ្យ សិស្សានុសិស្សមានសុខុមាលភាពល្អ កាយសម្បទាមំាមួន ឆន្ទៈមោះមុត អំណត់ព្យាយាម វិន័យ ស្មារតីក្រុម គំនិតច្នៃប្រឌិត និងតស៊ូស្វិតស្វាញសំដៅដណ្ដើមបានលទ្ធផលល្អប្រ សើរលើការប្រកួត ទទួលបានលទ្ធផលការសិក្សាល្អ និងជីវភាពរស់ នៅសុខដុមរមនា ។ លើកទឹកចិត្តដល់អ្នកលេងកីឡា និងអ្នកមានឧបនិស្ស័យ ដើម្បីជ្រើសរើស បានជាកីឡាករ- កីឡាការិនីថ្នាលល្អៗ ចូលក្នុងក្រុមជម្រើសជាតិ ចូលរួមក្នុងការហ្វឹកហាត់ ត្រៀមលក្ខណៈ ចូលរួមការប្រកួតនៅលើឆាកជាតិ និងអន្តរជាតិនានា។ បង្កលក្ខណៈឲ្យសិស្សជួបជុំគ្នា ស្គាល់គ្នា ចងមិត្តភាព សាមគ្គីភាព ដើម្បីចេះរួមរស់ជាមួយគ្នាក្នុងសង្គម។

លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវ ឲ្យសូមឲ្យប្រតិភូកីឡា រាជធានី-ខេត្ត ទាំងអស់ យកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងសិស្សានុសិស្ស ដែលជាកុមារតូចៗ (កម្រិតបឋមសិក្សា)។ ត្រូវធានាថាការស្នាក់នៅ ហូបចុក និងការធ្វើដំណើរ មានសុវត្ថិភាពខ្ពស់បំផុត។ ត្រូវពិនិត្យឲ្យបានច្បាស់លាស់ នូវលក្ខខណ្ឌបច្ចេកទេស និងឯកសារពាក់ព័ន្ធរបស់កីឡាករ-កីឡាការិនី ដើម្បីចៀសវាងបញ្ហាមិនប្រក្រតីណាមួយ ដែលអាចកើតមានឡើងនៅពេលប្រកួត ។

ក្នុងនាមជាអ្នកអប់រំ យើងត្រូវប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ ដោយសារការប្រកួត កីឡាសិស្សបឋមធ្វើឡើង ដើម្បីបណ្តុះពន្លកថ្មី ដូច្នេះដាច់ខាតមិនត្រូវមានការបន្លំអាយុ ឬប្រើប្រាស់កីឡាករខុសលក្ខខណ្ឌបច្ចេកទេសឡើយ។ ថ្នាក់ដឹកនាំប្រតិភូ គ្រូបង្វឹក ត្រូវធ្វើជាគំរូដល់សិស្ស ។ ការឈ្នះ ចាញ់ជារឿងធម្មតានៃការប្រកួត ប៉ុន្តែការរក្សាសេចក្តីថ្លៃថ្នូរ និងការគោរពអាជ្ញាកណ្តាលគឺជាកាតព្វកិច្ចចម្បង ។ ការថែទាំសុខភាព ដោយសារអាកាសធាតុអាចមានការប្រែប្រួល សូមឲ្យក្រុមគ្រូពេទ្យអមប្រតិភូ ឬគ្រូ បង្វឹក តាមដានសុខភាពកុមារឲ្យបានជាប់លាប់ និងធានាថាពួកគេមានកម្លាំងមាំមួន និងទទួលបានការសម្រាកគ្រប់គ្រាន់៕



