ទីក្រុង Vancouver ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា FIFA នៅថ្ងៃអង្គារបានបង្កើន ការចែកចាយប្រាក់ សរុបសម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក “World Cup” ដល់ជិត ៩០០ លានដុល្លារ បន្ទាប់ពីមានការព្រួយបារម្ភអំពីការចំណាយកើនឡើង សម្រាប់ក្រុមដែលចូលរួមការប្រកួត។
សហព័ន្ធកីឡាបាល់ទាត់ពិភពលោក “FIFA” បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រាក់ដែលចែករម្លែករវាងក្រុមចំនួន ៤៨ ចូលរួមក្នុងវគ្គផ្តាច់ព្រ័ត្រនៅម៉ិកស៊ិក កាណាដា និងអាមេរិកឥឡូវនេះនឹងមានចំនួនសរុប ៨៧១ លានដុល្លារ កើនឡើងពីតួលេខដំបូង ៧២៧ លានដុល្លារដែលបានប្រកាសនាខែធ្នូ។
ការមន្ថែលប្រាក់ត្រូវបានប្រកាស បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់ FIFA មុនពេលសមាជរបស់ស្ថាប័ននេះ ធ្វើឡើងនៅទីក្រុងVancouver នៅថ្ងៃព្រហស្បតិ៍។ ការកើនឡើងយ៉ាងខ្លាំងនេះបានកើតឡើងបន្ទាប់ពីសមាជិក FIFA ជាច្រើនបានអះអាងថា ការចំណាយខ្ពស់ នៃការធ្វើដំណើរ ពន្ធ និងប្រតិបត្តិការទាំងមូលអាចបណ្តាល ឱ្យពួកគេខាតបង់ប្រាក់ពីការចូលរួមក្នុងការប្រកួត។
ឥឡូវនេះ FIFA បានផ្លាស់ប្តូរដើម្បីកាត់បន្ថយការព្រួយបារម្ភទាំងនោះ ដោយបង្កើនប្រាក់រង្វាន់ចំនួន ១,៥ លានដុល្លារសម្រាប់ “ការចំណាយលើការរៀបចំ” ដល់ ២,៥ លានដុល្លារសម្រាប់ក្រុមដែលមានសិទ្ធិចូលរួមនីមួយៗ។ ការទូទាត់ចំនួន ៩ លានដុល្លារសម្រាប់វគ្គជម្រុះសម្រាប់ការប្រកួតក៏ត្រូវបានបង្កើនដល់ ១០ លានដុល្លារ ។ ការចូលរួមវិភាគទានបន្ថែមសម្រាប់ការចំណាយលើការផ្ទេរក្រុម និងការបែងចែកសំបុត្រក្រុមកើនឡើងក៏ជាផ្នែកមួយនៃការកើនឡើងជារួមផងដែរ។
លោក Gianni Infantino ប្រធាន FIFA បានមានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍មួយថា FIFA មានមោទនភាពដែលស្ថិតក្នុងស្ថានភាពហិរញ្ញវត្ថុដ៏រឹងមាំបំផុតរបស់ខ្លួន ធ្វើឲ្យយើងជួយសមាគមសមាជិកទាំងអស់របស់យើងតាមរបៀបដែលមិនធ្លាប់មានពីមុនមក។ នេះគឺជាឧទាហរណ៍មួយទៀតអំពីរបៀបដែលធនធានរបស់ FIFA ត្រូវបានវិនិយោគឡើងវិញទៅក្នុងការប្រកួត”។
FIFA ត្រូវបានគេព្យាករថានឹងរកបានប្រហែល ១៣ ពាន់លានដុល្លារពី World Cup រយៈពេល ៤ ឆ្នាំបច្ចុប្បន្ន ដែលបញ្ចប់ដោយការប្រកួតឆ្នាំនេះ ជា World Cup ដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ។ ប្រាក់រង្វាន់របស់ FIFA សម្រាប់ការប្រកួតឆ្នាំ ២០២៦ បានប្រកាសកាលពីឆ្នាំមុន បានបំបែកប្រាក់ដែលបានចែកចាយនៅ World Cup ឆ្នាំ ២០២២ រួចហើយ ដោយកើនឡើង ៥០ ភាគរយ៕https://japantoday.com/category/sports/world-cup-to-get-cash-boost-as-fifa-unveils-red-card-crackdown
ការកើនឡើងនៃការទូទាត់ជាសាច់ប្រាក់នេះ បានកើតឡើងនៅពេលដែល FIFA កាន់តែរងការរិះគន់ចំពោះតម្លៃសំបុត្រខ្ពស់សម្រាប់ការប្រកួត ខណៈដែលអាជ្ញាធរមូលដ្ឋានមួយចំនួននៅសហរដ្ឋអាមេរិកបានដំឡើងថ្លៃដឹកជញ្ជូនយ៉ាងខ្លាំងក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ។
ទន្ទឹមនឹងនេះ FIFA ក៏បានបញ្ជាក់ពីការផ្លាស់ប្តូរច្បាប់ដែលនឹងត្រូវដាក់ចេញនៅក្នុងព្រឹត្តិការណ៍ World Cup ដែលចាប់ផ្តើមនៅទីក្រុងម៉ិកស៊ិកនៅថ្ងៃទី 11 ខែមិថុនា។
