ភ្នំពេញ៖ការប្រកួតកីឡាហែលទឹកក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ ក្រោមប្រធានបទ “កីឡាដើម្បីសុខភាពកុមារ” នៅទូទំាងរាជធានីភ្នំពេញ ក្រោមការរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡាសហការជាមួយសហព័ន្ធខ្មែរហែលទឹក ក្រោមអធិបតីលោក ហែម គីរី អគ្គលេខាធិការតំណាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានសហព័ន្ធខ្មែរហែលទឹក ព្រមទាំងអ្នកទំាងមន្ទីរអប់រំកាយ និងកីឡាទំាង ចំនួន ៧ ចូលរួម នៅទីលានហ្វឹកហាត់របស់សហព័ន្ធក្នុងពហុកីឡដ្ឋានជាតិ។

លោក នាង សុរិទ្ធិយ៉ា អគ្គលេខាធិការងសហព័ន្ធខ្មែរហែលទឹក បានប្រាប់ឲ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំឡើងនូវព្រឹត្តិការណ៍ប្រកួតកីឡា “សិស្សបឋម សិក្សាជើងឯកថ្នាក់ជាតិ” ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២៦ នៅរាជធានីភ្នំពេញ ។ ការការប្រកួតប្រភេទកីឡាហែលទឹក ក៏ត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួតផងដែរ ចាប់ផ្តើមនាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅអាងហែលទឹកនៃពហុ កីឡដ្ឋានជាតិ ។

អំពីសមាសភាពចូលរួម មានរាជធានី ខេត្តចំនួន ៧ ចូលរួម រាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្ត កណ្តាល ខេត្តកំពង់ចាម ខេត្តព្រៃវែង ខេត្តស្ទឹងត្រែង និង ខេត្តបន្ទាយមានជ័យ មានកីឡាករ កីឡាការិនីចូលរួមសរុបចំនួន ២៧នាក់ (ប្រុស ១៦នាក់ ស្រី ១១នាក់) គ្រូបង្វឹក គ្រូជំនួយចំនួន ១៤នាក់ នឹងមន្ត្រីគណៈកម្មការបច្ចេកទេសចំនួន ២៥នាក់ ចូលរួមដឹកនាំកាត់ សេចក្តីក្នុងការប្រកួត ។ មានវិញ្ញាសាសរុបចំនួន ៨ (កីឡាករ ៤វិញ្ញាសា និងកីឡាការិនី ៤វិញ្ញសា)។

លោក ហែម គីរី អគ្គលេខាធិការ បានមានប្រសាសន៍ថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ ទទួលបានការឧបត្ថម្ភគាំទ្រ ពីក្រសួងអប់រំ យុវជន និងកីឡា តាមរយៈនាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា ។ អ្វីដែលសហព័ន្ធខ្មែរកីឡាហែលទឹក ផ្តោតសំខាន់ គឺឱកាសចូលរួមកីឡាករ កីឡាការិនីវ័យក្មេង ជាពិសេសស្សានុសិស្សសិក្សានៅតាមវិទ្យាល័យទូទាំងប្រទេសកម្ពុជា បានបណ្តុះបណ្តាល។
កម្មវិធីនេះបានបង្ហាញពីស្មារតីកីឡា ការគោរពវិន័យ ភាពអង់អាចក្លាហាន និងសាមគ្គីភាពរវាងបេក្ខភាពដែលជាសិស្សបឋមមកពីបណ្តារាជធានី ខេត្តដែលចូលរួម។ ការប្រកួតកីឡាហែលទឹកនេះ មិនត្រឹមតែជាការប្រកួតប្រជែងដើម្បីទទួលបានជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការលើកស្ទួយវិស័យកីឡា បណ្តុះស្មារតីរឹងមាំ ការអត់ធ្មត់ និងការគោរពច្បាប់ផងដែរ។ វាជាវេទិកាដ៏សំខាន់មួយសម្រាប់កុមារា និងកុមារីក្នុងការបង្ហាញសមត្ថភាព និងអភិវឌ្ឍខ្លួនឯង៕








ដោយ៖លី ភីលីព
