កីឡា

សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦

ភ្នំពេញ៖ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ របស់សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជានៅសាលប្រជុំធំ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដោយមានការចូលរួមដឹកនាំអង្គប្រជុំពីសំណាក់លោក សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល និងជាអនុប្រធានទី១ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាតំណាងលោកបណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា និងសមាជិកប្រត្តិបតិជាច្រើនរូបទៀតផង។

ក្នុងរយៈពេលជិតពីរទសវត្សរ៍កន្លងមកនេះ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានបោះជំហានយ៉ាងរឹងមាំ និងមានមោទនភាពបំផុត ក្រោមមាគ៌ាដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងស្មារតីទទួលខុសត្រូវខ្ពស់របស់លោកបណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡា ទាញព្រ័ត្រកម្ពុជា។

ចាប់តាំងពីការកកើតដំបូងនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០០៦ មកទល់បច្ចុប្បន្ន សហព័ន្ធបានឆ្លងកាត់ការដឹកនាំចំនួន ៥ អាណត្តិ ដែលបង្ហាញឱ្យឃើញនូវការរីកចម្រើនជាលំដាប់នៃរចនាសម្ព័ន្ធគ្រប់គ្រង ដូចខាងក្រោម៖ អាណត្តិទី១ និងទី២៖ ចាប់ផ្តើមដោយមានសមាជិកប្រតិបត្តិចំនួន ១០រូប ជាគ្រឹះយ៉ាងរឹងមាំ។ អាណត្តិទី៣៖ បន្តពង្រីកសក្តានុពលជាមួយសមាជិកប្រតិបត្តិចំនួន ២០រូប។ អាណត្តិទី៤៖ កើនឡើងដល់ចំនួន ២៦រូប ដើម្បីឆ្លើយតបនឹងតម្រូវការការងារដែលកាន់តែមមាញឹក។ អាណត្តិទី៥៖ បានឈានដល់ចំនួនសមាជិកប្រតិបត្តិរហូតដល់ ៤១រូប ដែលសបញ្ជាក់ពីការជឿជាក់ និងការពង្រីកវិសាលភាពនៃកីឡា ទាញព្រ័ត្រនៅទូទាំងប្រទេស។

ក្រោមការដឹកនាំដ៏ឈ្លាសវៃនេះ សហព័ន្ធសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន រួមមានការកែលម្អប្រព័ន្ធរដ្ឋបាលឲ្យមានប្រសិទ្ធ ភាព ការពង្រឹង និងបណ្តុះបណ្តាលធនធានមនុស្ស (មន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល និងគ្រូបង្វឹក) និងការរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំបានយ៉ាងទៀងទាត់។ បន្ថែមពីនេះ សហព័ន្ធក៏បានពង្រីកឥទ្ធិពលលើឆាកអន្តរជាតិ តាមរយៈការចូលរួមក្នុងកិច្ចប្រជុំធំៗ និងការបញ្ជូន អត្តពលិកទៅចូលរួមប្រកួតជាហូរហែរ ដែលនាំមកនូវមោទនភាពជូនជាតិមាតុភូមិ។

លោក ចាប រតនា អគ្គលេខាធិការសហព័ន្ធ បានប្រាប់ឲ្យដឹងថា របាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦នេះ មិនត្រឹមតែជាការឆ្លុះបញ្ចាំងពីជោគជ័យ កន្លងមកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផែនទីបង្ហាញផ្លូវសម្រាប់ការបន្តអភិវឌ្ឍវិស័យកីឡាទាញព្រ័ត្រឲ្យកាន់តែមានភាពទំនើប និងមានលក្ខណៈស្តង់ ដារ ដើម្បីឆ្ពោះទៅរកភាពជោគជ័យថ្មីៗបន្ថែមទៀតនាពេលអនាគត។

ជារួមមក លទ្ធផលការងារដែលសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាសម្រេចបានក្នុងឆ្នាំកន្លងទៅនេះ គឺជាសមិទ្ធផលដ៏ធំ ធេង និងជាមោទនភាពថ្មីមួយទៀតសម្រាប់វិស័យកីឡាទាញព្រ័ត្រនៅកម្ពុជា។ ឆ្លងតាមរយៈការខិតខំប្រឹងប្រែងយ៉ាង សកម្ម យើងអាចសរុបវាយតម្លៃលើចំណុចគន្លឹះសំខាន់ៗដូចជា សហព័ន្ធបានពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងផ្ទៃក្នុងឲ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងសហការគ្នាបានយ៉ាងរលូន ដែលជាឆ្អឹងខ្នងដ៏រឹងមាំក្នុងការទ្រទ្រង់រាល់សកម្មភាពរបស់សហព័ន្ធ។

លោកអគ្គលេខាធិការសហព័ន្ធ បានបន្តថា សហព័ន្ធរៀបចំវគ្គអាជ្ញាកណ្តាល ចៅក្រម និងគ្រូបង្វឹក តាមរយៈវគ្គបណ្តុះបណ្តាលនានា ដែលធ្វើឲ្យធនធានមនុស្សរបស់យើងមាន យើងបានយកចិត្តទុកដាក់ខ្ពស់លើការកសាងសមត្ថភាពដល់មន្ត្រីបច្ចេកទេស ចំណេះដឹង និងជំនាញច្បាស់លាស់ស្របតាមស្តង់ដារអន្តរជាតិ។

ព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកប្រចាំឆ្នាំដែល ទើបតែបញ្ចប់ទៅ បានទទួលជោគជ័យយ៉ាងត្រចះត្រចង់ ទាំងផ្នែកបច្ចេកទេសនៃការប្រកួត និងចំនួន អ្នកចូលរួម។ នេះសបញ្ជាក់ឱ្យឃើញពីការរីកចម្រើននៃកម្រិតសមត្ថភាពរបស់កីឡាករ-កីឡាការិនី និង ការគាំទ្រកាន់តែច្រើនឡើងពីសំណាក់សាធារណជន។

ជោគជ័យទាំងនេះ មិនអាចកើតឡើងបានឡើយ ប្រសិនបើគ្មានការណែនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក៏ដូចជាការលះបង់កម្លាំងកាយចិត្ត និងសាមគ្គីភាពផ្ទៃក្នុង របស់សមាជិកសហព័ន្ធ កីឡាករ និងដៃគូពាក់ព័ន្ធទាំងអស់។ ផ្អែកលើមូលដ្ឋាននៃជោគជ័យនេះ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា មានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តបេសកកម្ម អភិវឌ្ឍន៍វិស័យកីឡាមួយនេះ ឱ្យកាន់តែបោះជំហានទៅមុខយ៉ាងរឹងមាំ ដើម្បីត្រៀមខ្លួនដណ្តើមជោគជ័យជូនជាតិមាតុភូមិ ក្នុងព្រឹត្តិការណ៍ប្រកួតលើឆាកអន្តរជាតិនានានាពេលអនាគត៕

ដោយ៖លី ភីលីព

Most Popular

To Top