ស្វីស ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា បញ្ជីឈ្មោះក្រុមដែលត្រៀមរួចជាស្រេចសម្រាប់ព្រឹត្តិការណ៍ U17 World Cup 2026 បានចេញផ្សាយនៅលើគេហទំព័រផ្លូវការរបស់ FIFA បង្កឲ្យមានការភ្ញាក់ផ្អើលមិនបានរាប់បញ្ចូលវៀតណាម និងចិនទេ ទោះបីជាក្រុមទាំងនោះបានឡើង ទៅវគ្គបន្តដោយជោគជ័យក៏ដោយ។
FIFA បានចេញផ្សាយឯកសារនៅយប់ថ្ងៃពុធ មុនការចាប់ឆ្នោតព្រឹត្តិការណ៍ U17 World Cup 2026 នៅទីក្រុង Zurich ប្រទេសស្វីស។ ទោះជាយ៉ាងណាក៏ដោយ វៀតណាម និងចិនច្បាស់ជាអវត្តមានពីបញ្ជីក្រុមចំនួន ៤៨ ដែលចូលរួម។
មួយសប្តាហ៍មុន FIFA បានបញ្ជាក់ថា វៀតណាមបានឡើងទៅវគ្គបន្តព្រឹត្តិការណ៍ U17 World Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីឡើងដល់វគ្គ ៨ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ U17 Asian Cup 2026 ។ វគ្គចែកពូល ក្រុមរបស់លោក Cristiano Roland បានយកឈ្នះយេម៉ែន ១-០ ចាញ់កូរ៉េខាងត្បូង ១-៤ និងទទួលបានជ័យជម្នះ ៣-២ ដ៏គួរឲ្យរំភើបលើ UAE ដើម្បីឈរនៅកំពូលតារាងពូល C ។ ក្រុមវៀតណាម និងកូរ៉េខាងត្បូង បានឡើងទៅវគ្គ៨ក្រុម ចុងក្រោយ និងទទួលបានកៅអី World Cup របស់ពួកគេ ខណៈក្រុមយេម៉ែន និងក្រុមអារ៉ាប់រួម ត្រូវបានជម្រុះចេញ។
ប្រទេសចិន ទទួលបានកៅអីរបស់ពួកគេនៅថ្ងៃទី១២ ខែឧសភា។ ពូល B នៃពានរង្វាន់ Asian Cup ចិនបានចាញ់ក្រុមឥណ្ឌូនេស៊ី ០-១ និងក្រុមជប៉ុន ១-២ ប៉ុន្តែបានវាយបកយកឈ្នះក្រុមកាតា ២-០។ នេះបានធ្វើឲ្យពួកគេបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ និងកៅអីវគ្គ៨ក្រុមចុងក្រោយរួមជាមួយជប៉ុន។ ចាប់តាំងពីពេលនោះមក ប្រទេសចិនបានឡើងទៅវគ្គផ្តាច់ព្រ័ត្រនៃការប្រកួត ដែលពួកគេនឹងជួបជាមួយក្រុមជប៉ុនម្តងទៀតនៅថ្ងៃទី២២ ខែឧសភា។
គួរឲ្យហួសចិត្តណាស់ ឥណ្ឌូនេស៊ីត្រូវបានបញ្ចូលក្នុងក្រុមលេខ២ នៃពូល ហើយយេម៉ែនស្ថិតនៅក្នុងក្រុមលេខ៤ ទោះបីជាក្រុមទាំង ២ មិនមានកៅអីក៏ដោយ។ ឥណ្ឌូនេស៊ីគឺជាក្រុមតែមួយគត់ក្នុងពូល B ដែលមិនទទួលបានកៅអី World Cup។
កាតាបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងពូលនោះ ហើយបានខកខានការប្រកួតវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ Asian Cup ប៉ុន្តែពួកគេនៅតែមានកៅអីដោយស្វ័យប្រវត្តិសម្រាប់ព្រឹត្តិការណ៍ World Cup ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ៕
