កណ្តាល៖ លោក ចេង សំអុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមពិធីបិទការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯកថ្នាក់ខេត្ត ឆ្នាំ២០២៦ ដែលនឹងធ្វើឡើង ចាប់ពីថ្ងៃទី២៣-២៩ ខែឧសភា ឆ្នាំ២០២៦ នៅក្រុងតាខ្មៅ រៀបចំ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ក្នុងឱកាសនេះក៏មានការអញ្ជើញអនុប្រធានមន្ទីរ ប្រធានការិយាល័យកីឡា និងព្រមទំាំងក្រុមកីឡាករជាង ១០០នាក់។

លោក ចេង សំអុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានមានប្រសាសន៍ថា ការប្រកួតកីឡា មហាជនជ្រើសរើសជើងឯកថ្នាក់ខេត្ត ឆ្នាំ២០២៦ ដោយបានដំណើរការអស់រយៈពេល៧ថ្ងៃកន្លង មក ប្រកបដោយលទ្ធផលល្អប្រសើរ តាមការគ្រោងទុក ។ ការប្រកួតនាឱកាសនេះ បានបង្ហាញឲ្យឃើញថា វិស័យកីឡាក្នុង ខេត្តកណ្តាល មានការផុសផុល ដែលបញ្ជាក់ថាប្រជាពលរដ្ឋ មហាជន ងាកមកលេងកីឡា រឹតចំណងមិត្តភាព មានរាងកាយមាំមួន និងមានសុខភាពល្អ ជាពិសេសផ្នែក កីឡាបាល់ទាត់។ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានខិតខំយកចិត្តទុកដាក់ក្នុងការជំរុញសកម្មភាព ប្រកួតឲ្យបានច្រើន សម្រាប់ចម្រាញ់យកកីឡាករដែលល្អ មានទេពកោសល្យ ដើម្បីជាតំណាងខេត្ត ចូលរួមក្នុងការប្រកួតថ្នាក់ជាតិ ឬការប្រកួតផ្សេងៗតាមការចាំបាច់របស់មន្ទីរ។

ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ នីតិកាលទី៧ នៃរដ្ឋសភា។ ជាក់ស្តែង យើងទាំងអស់គ្នាបានរួមចំណែកអនុវត្តនូវមុំទី១ ៖ ការអភិវឌ្ឍ មូលធនមនុស្ស ផ្តោតលើ «ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា» និងមុំ ទី២៖ ការលើកកម្ពស់សុខភាព និង សុខុមាលភាពប្រជាជន។

លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ស្ថិតក្នុងពេលបច្ចុប្បន្ននេះ គោលនយោបាយជាតិ នៃការអភិវឌ្ឍអប់រំកាយ និងកីឡា ត្រូវបាន រាជរដ្ឋាភិបាលដាក់ចេញឲ្យអនុវត្ត និងជំរុញសកម្មភាពនេះ ក្នុងគោលបំណង ឱ្យប្រជាពលរដ្ឋកម្ពុជា គ្រប់រូបចូលរួមហាត់ប្រាណ និងលេងកីឡា ដើម្បីពង្រឹងកាយសម្បទារបស់ខ្លួន និងអាចឈ្នះជំងឺ ដង្កាត់ទាំងឡាយផង ដូចពាក្យស្លោកថា “កីឡានាំមកនូវសុខភាពល្អ និងសេចក្តីថ្លៃថ្នូរ”។ ខេត្តកណ្តាល ជាខេត្តធ្លាប់ទទួលបាននូវការចាប់អារម្មណ៍លើគ្រប់វិស័យ ចាប់តាំងពីដើម ទសវត្សទី៨០ ពិសេសវិស័យកីឡានេះតែម្តង យើងធ្លាប់មានមោទនភាពលើផ្នែកបាល់ទាត់ បាល់ទះ អត្តពលកម្ម និងប្រភេទកីឡាមួយចំនួនទៀត ហើយជាធនធានដែលត្រូវបានចូលរួមជាក្រុមកីឡាករ កីឡាការិនីជម្រើសជាតិផងដែរ។

បច្ចុប្បន្នខេត្តកណ្តាល មានកីឡាដែលមានសក្តានុពល ដូចជា បាល់ទាត់ បាល់បោះ អត្តពលកម្ម ទាញព្រ័ត្រ ប៉េតង់ ប្រដាល់គុនខ្មែរ គុនល្បុក្កតោ ទូកង ទូកខ្នាត អន្តរជាតិ ខ្លែងឯក និងប្រភេទកីឡាជាច្រើនទៀត។ ការរីកចម្រើនក្នុងវិស័យកីឡា ដែលមានធនធាន ប្រកបដោយសក្តានុពលនេះ ក៏មានការយកចិត្តទុកដាក់ ពីសំណាក់លោកអភិបាល នៃ គណៈអភិបាលខេត្ត ក្នុងការជំរុញ លើកទឹកចិត្តឲ្យមានការប្រកួតកីឡាមហាជននេះឡើង ក្នុងនោះ ដែរអភិបាល នៃគណៈអភិបាលក្រុង ស្រុក អង្គភាព មន្ទីរជុំវិញខេត្ត សមាគម ក្លឹបកីឡាទាំងអស់ក្នុង ខេត្ត បានរួមចំណែកក្នុងការបង្កើតឱ្យមានក្រុមកីឡាចូលរួមប្រកួតជារៀងរាល់ឆ្នាំ៕




