ភ្នំពេញ ៖ ក្រុមកីឡាក្រសួងការពារជាតិដណ្តើមបានមេដាយមាស ៣ គ្រឿង ខណៈក្រុមកីឡាក្រសួងមហាផ្ទៃដណ្តើមបានមេដាយមាស ១ គ្រឿងក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់លើតុជ្រើសរើសជើង ឯកថ្នាក់ជាតិ ឆ្នាំ២០២៦ ក្រុមកីឡាក្រសួងការពារជាតិ បានយកឈ្នះលើក្រុមកីឡា ក្រសួងមហាផ្ទៃទំាង ៣ វិញ្ញាសានៅផ្តាច់ព្រ័ត្រ ដែលការប្រកួតនេះតរៀបចំ ដោយសហព័ន្ធកីឡាបាល់ទាត់ លើតុកម្ពុជាក្រោមការប្រើប្រាស់ថវិកា គាំទ្រប្រចាំឆ្នាំ២០២៦ របស់ក្រសួងអប់រំ យុវជន និងកីឡា។

នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ នេះ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងប្រធានសហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជា បានអញ្ជើញជាកិត្តិយសក្នុងពិធីបិទ និងប្រគល់ជយលាភីដល់ក្រុមកីឡាករ-កីឡាការិនីម្ចាស់មេដាយ។

ក្នុងនោះក៏មានអញ្ជើញចូលរួមអមដំណើរដោយ លោក ណយ ផាណ អគ្គលេខាធិការរងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក យានគី ស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា តំណាងលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា នៅសាលហ្វឹកហាត់កីឡាបាល់បោះក្នុងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

ក្រុមកីឡាក្រសួងការពារជាតិគ្រងតំណែងជើងឯកប្រចាំឆ្នាំ២០២៦ ដោយដណ្តើមបានមេដាយមាស ៣ គ្រឿង ខណៈក្រុមកីឡាក្រសួងមហាផ្ទៃដណ្តើមបានមេដាយមាស ១ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ២គ្រឿង និងក្រុមកីឡាក្លិបសែន សុខ ដណ្តើមបានមេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ១ គ្រឿង៕




