ភ្នំពេញ៖ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ លោក កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាតំណាង ឲ្យលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងក្រសួងអប់រំ យុវជន និងកីឡា បានជំរុញឲ្យការរៀបចំការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៦ នេះឱ្យក្លាយជាព្រឹត្តិការណ៍គំរូ ប្រកបដោយភាពស្អាតស្អំ យុត្តិធម៌ និងការអប់រំខ្ពស់បំផុត។
នេះជាការលើកឡើង របស់ឯកឧត្តមរដ្ឋលេខាធិការ នៅក្នុងកិច្ចប្រជុំគណៈកម្មការ គ្រប់ផ្នែកជាមួយប្រតិភូ កីឡានៃការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៦ កាលពីល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ នៅសាលមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា រាជធានីភ្នំពេញ ។

លោក កែ ប៊ុនខៀង បានបន្ថែមថា កិច្ចការ ដែលពួកយើងធ្វើរួមគ្នានៅថ្ងៃនេះ គឺជាគ្រឹះនៃកិត្តិយសរបស់ប្រទេសជាតិ នៅលើឆាកអន្តរជាតិ នាឆ្នាំ២០២៨ ត្រៀមទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២៣ ឆ្នាំ២០២៨។ ដើម្បីធានាឱ្យបាននូវភាពជោគជ័យ ប្រកបដោយកិត្តិយស សុចរិតភាព និងទស្សនវិស័យវែងឆ្ងាយ លោក កែ ប៊ុនខៀង បានផ្តល់អនុសាសន៍ណែនាំថា សម្រាប់មន្ត្រីបច្ចេកទេស និងអាជ្ញាកណ្តាល៖ «ពង្រឹងយុត្តិធម៌ និងសុចរិតភាព ក្នុងការកាត់សេចក្តី» មន្ត្រីបច្ចេកទេសមកពីសហព័ន្ធកីឡាជាតិទាំងអស់ គឺជា «ឆ្អឹងខ្នង» នៃយុត្តិធម៌របស់ព្រឹត្តិការណ៍ទាំងមូល ។ ដូច្នេះ ត្រូវកាត់សេចក្តីដោយតម្លាភាព និងគ្មានការលម្អៀង ដោយត្រូវឈរលើគោលការណ៍ច្បាប់ និងបទបញ្ជានៃការប្រកួតជាដាច់ខាត។ មិនត្រូវមានការយោគយល់ បក្សពួកនិយម ឬសម្ពាធពីខាងក្រៅណាមួយមកបង្ខូចលទ្ធផលនៃការប្រកួតបានឡើយ។ លុបបំបាត់រាល់ទម្រង់នៃអំពើពុករលួយ និងការស៊ីសំណូក ការប្រកួតនេះ ធ្វើឡើងក្រោមប្រធានបទ «កីឡាដើម្បីការអប់រំ» ដូច្នេះរាល់សកម្មភាពកាត់ សេចក្តីមិនស្មោះត្រង់ គឺជាការបំផ្លាញការអប់រំរបស់យុវជន ។

សម្រាប់ប្រតិភូដឹកនាំ និងគ្រូបង្វឹកគ្រឹះស្ថានសិក្សាត្រូវធានាវិន័យ សុជីវធម៌ និងការលេងដោយស្មោះត្រង់ (Fair Play) ដោយថ្នាក់ដឹកនាំប្រតិភូ និងគ្រូបង្វឹក គឺជាគំរូ (Role Model) ផ្ទាល់របស់និស្សិត។ ដូច្នេះត្រូវគ្រប់គ្រងវិន័យអត្តពលិកឱ្យបានដាច់ខាត ដោយត្រូវអប់រំនិស្សិតដែលជាកីឡាករ កីឡាការិនីឱ្យចេះគោរពដៃគូប្រកួត គោរពអាជ្ញាកណ្តាល និងចេះទទួលយកលទ្ធផលឈ្នះ-ចាញ់ ប្រកបដោយសេចក្តីថ្លៃថ្នូរ។ មិនត្រូវជំរុញ ឬបណ្តោយឱ្យអត្តពលិកប្រើហិង្សា ឬពាក្យសម្តីអសុរោះឡើយ។
ចំពោះទស្សនវិស័យវែងឆ្ងាយ គឺប្រើប្រាស់ឆ្នាំ២០២៦ ជាការតេស្តសមត្ថភាពឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២៣ ឆ្នាំ២០២៨ (23rd ASEAN University Games 2028) នៅកម្ពុជា ដោយព្រឹត្តិការណ៍ថ្នាក់ជាតិ ឆ្នាំ២០២៦នេះ មិនមែនគ្រាន់តែជាការប្រកួតធម្មតានោះទេ ប៉ុន្តែវាគឺជា «ការហាត់សមសមត្ថភាពខ្នាតធំ» ដើម្បីត្រៀមឆ្ពោះទៅឆ្នាំ២០២៨ខាងមុខផងដែរ។

ជាមួយគ្នានេះ លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡាបានជម្រាបជូនថា ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយ សហព័ន្ធកីឡាជាតិទាំង១២ រៀបចំការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សា បច្ចេកទេសថ្នាក់ជាតិ ចាប់ពីថ្ងៃទី០៥-១៣ ខែមិថុនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដែលបានកំណត់យកប្រភេទកីឡា ចំនួន១២ ដូចជាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ ហែលទឹក វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT តេក្វាន់ដូ ITF ការ៉ាតេ និងគុនដាវ ស្មើនឹង១០០វិញ្ញាសា ដែលមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមប្រកួតសរុប ១ ៨៧៦ នាក់ (ស្រី ៤៧៨ នាក់) មកពី ៤៣ គ្រឹះស្ថានឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេស ដោយក្នុងនោះមានគ្រឹះស្ថាន សិក្សាសាធារណៈ១៩ និងគ្រឹះស្ថានសិក្សាឯកជនចំនួន ២៤៕








