ព័ត៌មានអន្តរជាតិ

ប៉ូលីស៖ ជើងមាន់រត់ពន្ធពីប្រទេសរងផលប៉ះពាល់ដោយជំងឺកំពុងចែកចាយភោជនីយដ្ឋាននានាទូទាំងប្រទេសវៀតណាម

វៀតណាម៖ នេះបើយោងតាមប៉ូលីសហាណូយនៅថ្ងៃទី ១៩ ខែមិថុនា បានឲ្យដឹងថា ក្រុមហ៊ុនវៀតណាមមួយបានរត់ពន្ធជើងមាន់កកមានទម្ងន់ប្រហែល ១២,០០០ តោន ដែលភាគច្រើនមកពីប្រទេសដែលរងផលប៉ះពាល់ដោយជំងឺបក្សី បន្ទាប់មកបានលក់ជាង ១០,០០០ តោននៅលើទីផ្សារក្នុងស្រុក។ 

នៅពេលមន្ត្រីប៉ូលីសបានឆ្មក់ចូលឃ្លាំងស្តុកទុកត្រជាក់មួយនៅជាយក្រុងហាណូយ ពួកគេបានរកឃើញជើងមាន់កកចំនួន ២៦០ តោនបានផុតកំណត់ ប្រែជាពណ៌សជាមួយផ្សិត និងចាប់ផ្តើមមានក្លិន ជាមួយនឹងសញ្ញាថាពួកវាហៀបនឹងដឹកជញ្ជូនទៅឲ្យអ្នកទិញ ហើយសាច់ខ្លះបានរលួយមុនពេលវាទៅដល់ការជួញដូរ។

ទីភ្នាក់ងារស៊ើបអង្កេតប៉ូលីសក្រុងហាណូយបានបើកសំណុំរឿងព្រហ្មទណ្ឌបង្កាប់នឹងលោក Nguyen Thi To Loan អាយុ ៤៧ ឆ្នាំ និងលោក Trang Tuyet Ngoc អាយុ ៤៥ ឆ្នាំ ពីបទសង្ស័យពីបទរត់ពន្ធ ហើយបានបញ្ជាឲ្យឃុំខ្លួនទាំងពីរនាក់ជាមុនសិន។

លោក Loan ដឹកនាំក្រុមហ៊ុន An Binh Import-Export and Trade Development Joint Stock Company ដែលជាផ្នែកមួយនៃក្រុមហ៊ុន An Binh Group និងបានដំណើរការក្រុមហ៊ុន ABF Food Import-Export Joint Stock Company ជាក្រុមហ៊ុនដែលនាំចូលជើងមាន់។ លោក Ngoc  បានដឹកនាំនាយកដ្ឋានជំនួយការនៅក្នុងក្រុម។

ជើងមាន់គឺជាម្ហូបដ៏ពេញនិយមមួយក្នុងប្រទេសវៀតណាម ជាធម្មតាត្រូវបានអាំង ឬស្ងោរ ហើយជើងមាន់កកត្រូវបានជួញដូរយ៉ាងច្រើននៅទូទាំងអាស៊ី។

នេះបើយោងតាមប៉ូលីស បាននិយាយថា ចំណែកធំនៃការនាំចូលបានមកពីប្រទេសដែលកំពុងជួបប្រទះនឹងការផ្ទុះឡើងនៃជំងឺបក្សី ឬត្រូវបានហាមឃាត់ ដោយសារហេតុផលសុវត្ថិភាពចំណីអាហារផ្សេងទៀត ហើយមិនបានបង្ហាញខ្លួនក្នុងបញ្ជីផលិតផលត្រូវបានអនុម័តឲ្យនាំចូលរបស់ប្រទេសវៀតណាមឡើយ៕

Most Popular

To Top