ព័ត៌មានអន្តរជាតិ

តារាសម្តែងនាង Lee Ji Hye ធ្វើការរិះគន់យ៉ាងខ្លាំងប្រឆាំងនឹងការផ្សាយពាណិជ្ជកម្មក្លែងក្លាយបង្កើតឡើងដោយ AI ដោយប្រើមុខរបស់នាង

កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ថ្មីៗនេះ តារាសម្តែងនាង Lee Ji Hye ដ៏ពេញនិយមម្នាក់បានបង្ហោះអំពីការផ្សាយពាណិជ្ជកម្មក្លែងក្លាយមួយដោយប្រើរូបភាពរបស់នាង ដើម្បីបោកប្រាស់មនុស្សនៅលើបណ្តាញសង្គមរបស់នាង ដែលបង្កឲ្យមានការភ្ញាក់ផ្អើល។

នាង Lee Ji Hye បានចូលទៅក្នុងគណនី Instagram របស់នាងកាលពីប៉ុន្មានថ្ងៃមុន ដើម្បីព្រមានអ្នកគាំទ្រអំពីវីដេអូឃ្លីបរបស់នាងដែលកំពុងចរាចរនៅលើអ៊ីនធើណេត ដោយនាងត្រូវបានគេឃើញផ្សព្វផ្សាយរបស់របរដូចជាដំឡូងជ្វា និងខោទ្រនាប់។ ការផ្សាយពាណិជ្ជកម្មទាំងនោះក៏បានរួមបញ្ចូលឈ្មោះឆានែល YouTube ដ៏ពេញនិយមរបស់នាងលើបដាផងដែរ ដែលធ្វើឲ្យវាមើលទៅហាក់ដូចជាពិតប្រាកដជាង។

ទោះជាយ៉ាងណាក៏ដោយ នាង Lee បានព្រមានអ្នកគាំទ្ររបស់នាងថា នាងមិនដែលថតវីដេអូណាមួយដូចវីដេអូកំពុងចរាចរនោះទេ ហើយបានជំរុញឲ្យអ្នកតាមដានរបស់នាងមិនចុចលើតំណភ្ជាប់ដែលបានផ្តល់ឲ្យ។ នាងក៏បានលើកឡើងថា ទោះបីជាអត្ថបទនៅក្នុងការផ្សាយពាណិជ្ជកម្មជាភាសាកូរ៉េក៏ដោយ វាហាក់ដូចជាវាត្រូវបានភ្ជាប់ទៅនឹងគេហទំព័រចិន។

អ្នកគាំទ្របានឆ្លើយតបទៅនឹងការបង្ហោះរបស់នាង Lee ដោយចែករម្លែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេស្ទើរតែត្រូវបានគេបោកប្រាស់ដោយការផ្សាយពាណិជ្ជកម្មទាំងនេះ ដោយមនុស្សជាច្រើនទទួលស្គាល់ថាពួកគេមិនសង្ស័យពីភាពត្រឹមត្រូវរបស់ពួកគេឡើយ។ ការរិះគន់យ៉ាងខ្លាំងរបស់ Lee Ji Hye បានធ្វើឲ្យអ្នកលេងអ៊ីនធើណេតមានការភ្ញាក់ផ្អើល ចាប់តាំងពីការផ្សាយពាណិជ្ជកម្មទាំងនេះបានលេចឡើងពាសពេញអ៊ីនធើណេត៕

Most Popular

To Top