បរទេស៖ អាជ្ញាធរឥណ្ឌូនេស៊ីបានរឹបអូសកញ្ឆាក្រៀមចំនួន ៣,៣៧ តោន ដែលត្រូវបានចោទប្រកាន់ថា បាននាំចូលពីប្រទេសថៃ និងបានចាប់ខ្លួនជនសង្ស័យចំនួន ១២ នាក់ រួមទាំងជនបរទេសផងដែរ ក្នុងករណីជួញដូរគ្រឿងញៀនដែលជាប់ទាក់ទងនឹងការផលិតផលិតផល vape ដែលមានសារធាតុកញ្ឆា។
យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ថា ទីភ្នាក់ងារសារព័ត៌មាន Reuters និង The Straits Times បានរាយការណ៍ថា ទីភ្នាក់ងារប្រឆាំងគ្រឿងញៀនជាតិឥណ្ឌូនេស៊ីបានប្រកាសពីការរឹបអូសនៅសប្តាហ៍នេះ បន្ទាប់ពីប្រតិបត្តិការដែលបានធ្វើឡើងនៅក្នុងទីក្រុងជាច្រើនរបស់ឥណ្ឌូនេស៊ីចាប់ពីថ្ងៃទី ២៩ ខែមិថុនា ដល់ថ្ងៃទី ១ ខែកក្កដា។
ឧត្តមសេនីយ៍ប៉ូលីស Suyudi Ario Seto ប្រធានទីភ្នាក់ងារប្រឆាំងគ្រឿងញៀនជាតិឥណ្ឌូនេស៊ី បាននិយាយថា ផ្កាកញ្ឆាស្ងួតត្រូវបានលាក់នៅក្នុងវ៉ាលី និងប្រអប់កៅស៊ូ។ ការដឹកជញ្ជូននេះមានប្រភពមកពីប្រទេសថៃ ហើយត្រូវបានរឹបអូសនៅខេត្ត East Java។
អ្នកស៊ើបអង្កេតបានរកឃើញថា កញ្ឆាត្រូវបានគេចោទប្រកាន់ថាមានបំណងចែកចាយនៅក្នុងទីក្រុងធំៗរបស់ឥណ្ឌូនេស៊ី រួមទាំងទីក្រុង Jakarta និង Bali ហើយនឹងត្រូវបានប្រើនៅក្នុង vape ដែលមានសារធាតុកញ្ឆា៕
ប្រែសម្រួលៈ ណៃ តុលា
