កីឡា

គ្រាប់បាល់ចុងក្រោយ ដែលគ្មានន័យ! Neymar ហូរទឹកភ្នែកលាត្រឹមវគ្គ ១៦ ក្រុម World Cup 2026

ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិប្រេស៊ីល Neymar Jr បានប្រកាសជាផ្លូវការទាំងអារម្មណ៍ក្ដុកក្ដួល និងទឹកភ្នែកថា ព្រឹត្តិការណ៍ FIFA World Cup 2026 នេះ គឺជាការប្រកួត World Cup លើកចុងក្រោយបង្អស់នៅក្នុងអាជីព​ របស់លោកហើយ បន្ទាប់ពីក្រុមសំបាប្រេស៊ីល ត្រូវធ្លាក់ចេញត្រឹមវគ្គ ១៦ ក្រុមចុងក្រោយក្រោមថ្វីជើងន័រវែស ក្នុងលទ្ធផល ២-១ ។

​នៅក្នុងការប្រកួតដ៏តានតឹងនោះ ម្ចាស់អាវលេខ ១០ រូបនេះ មិនបានដាក់ឱ្យចូលលេងក្នុងជម្រើសដំបូងឡើយ ដោយសារបញ្ហាកាយសម្បទា និងយុទ្ធសាស្ត្ររបស់គ្រូបង្វឹក លោក Carlo Ancelotti ប៉ុន្តែត្រូវបានប្ដូរចូលនៅនាទីទី ៦៧។ ទោះបីជា Neymar អាចរកគ្រាប់បាល់ប៉េណាល់ទីបាន ១ គ្រាប់សម្រាលការឈឺចាប់នៅនាទីទី ៩០+១០ ក៏ដោយ ក៏វាមិនអាចជួយស្រោចស្រង់ប្រេស៊ីលពីការទម្លាក់ដោយគ្រាប់បាល់ទាំង ២ គ្រាប់របស់ Erling Haaland នោះដែរ។

​ក្រោយបញ្ចប់ការប្រកួត វីរៈបុរសបាល់ទាត់ប្រេស៊ីលរូបនេះបានបង្ហាញការសោកស្ដាយយ៉ាងខ្លាំង និងបានបញ្ជាក់ថា លោកបានព្យាយាមអស់ពីសមត្ថភាពហើយក្នុងការនាំពានរង្វាន់ត្រឡប់ទៅផ្ទះវិញ ប៉ុន្តែបេសកកម្មរបស់លោកក្នុងព្រឹត្តិការណ៍ដ៏ធំបំផុតរបស់ពិភពលោកមួយនេះ ត្រូវមកដល់ផ្លូវបំបែកត្រឹមនេះទាំងការខកចិត្តជាទីបំផុត។

Most Popular

To Top