បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ចេញពីទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍កាល
ពីថ្ងៃអាទិត្យថា ប្រទេសកូរ៉េខាងជើងបានសាកល្បងមីស៊ីល Cruise យុទ្ធសាស្ត្រ និងប្រព័ន្ធអាវុធផ្សេងទៀតនៅលើនាវាពិឃាត
កងទ័ពជើងទឹកថ្មីបំផុតរបស់ខ្លួន។

តាមសេចក្តីរាយការណ៍ មេដឹកនាំប្រទេស លោក គីម ជុងអ៊ុន បានចូលរួមវត្តមានក្នុងការសង្កេតការ
បាញ់បង្ហោះ និងការវាយតម្លៃនៃប្រព័ន្ធប្រយុទ្ធ របស់នាវានេះផងដែរ។
ព្រឹត្តិការណ៍នេះធ្វើឡើងនៅថ្ងៃទី៣ខែកក្កដា នៅលើនាវាចម្បាំងទម្ងន់៥០០០០តោនដែលមានឈ្មោះថា
Kang Kon ដែលទើបសាងសង់ថ្មី ការធ្វើតេស្តបានវាយតម្លៃ លើការរកឃើញគោលដៅ និងសមត្ថភាព
ដំណើរការព័ត៌មានរបស់នាវា ប្រព័ន្ធថាមពលភ្លើងរួមបញ្ចូលគ្នា កាំភ្លើងកងទ័ពជើងទឹក កាណុងស្វ័យប្រវត្តិ
និងឧបករណ៍សង្គ្រាមអេឡិចត្រូនិក ដែលជាផ្នែកមួយនៃការវាយតម្លៃប្រតិបត្តិការរបស់វា។
ប្រភពដដែលបានលើកឡើងទៀតថា លោក Kim បានសាទរចំពោះភាពជឿជាក់ និងប្រសិទ្ធភាពប្រយុទ្ធ
របស់ប្រព័ន្ធសព្វាវុធរបស់នាវាពិឃាតមួយនេះ។
មេដឹកនាំកូរ៉េខាងជើង តាមសេចក្តីរាយការណ៍បានកត់សម្គាល់ថា ភាពជឿនលឿនក្នុងការអភិវឌ្ឍន៍
អាវុធក្នុងស្រុកនាពេលថ្មីៗនេះ បានបង្ហាញពីសក្តានុពលនៃប្រព័ន្ធប្រយុទ្ធកងទ័ពជើងទឹករបស់ប្រទេស
ដើម្បីពង្រឹងការត្រៀមលក្ខណៈយោធាសម្រាប់ប្រតិបត្តិការយុទ្ធសាស្ត្រផ្សេងៗទៀត៕
ប្រែសម្រួល៖ស៊ុនលី
