ខេត្តកណ្តាល ៖ នាយប់ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៦ សហព័ន្ធកីឡា ឡើងភ្នំកម្ពុជា បានបញ្ជូនប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីឡើងភ្នំ ចំនួន៤នាក់ ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាឡើងភ្នំ យុវជន ជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០២៦ (World Climbing Youth Championships Arco) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ នៅប្រទេសអ៊ីតាលី ក្រោមការឧបត្ថម្ភទំាងស្រុង ពីសំណាក់លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ។

នាថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៦ លោក ឡាំង អូណា ប្រធានសហព័ន្ធកីឡាឡើងភ្នំកម្ពុជា បានជួបសំណេះសំណាល់ជាមួយគ្រូបង្វឹក កីឡាករ-កីឡាការិនី ឡើងភ្នំចំនួន ៤ នាក់មុនចេញដំណើរចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាឡើងភ្នំយុវជនជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០២៦ (World Climbing Youth Championships Arco) នៅប្រទេសអ៊ីតាលី នៅអាគារសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ។

លោក ឡាំង អូណា ប្រធានសហព័ន្ធកីឡាឡើងភ្នំកម្ពុជា បានមានប្រសាសន៍ក្នុងពិធីជួបសំណេះសំណាល់ថា កីឡាករ-កីឡាការិនីទំាងអស់ ត្រូវតែរក្សាសុខភាពឲ្យបានល្អមុនចេញប្រកួត ពិសេសការទទួលទានអាហារ ត្រូវយកចិត្តទុកដាក់ខ្ពស់ កុំឲ្យប៉ះពាល់ដល់សុខភាព និងបញ្ហាផ្សេងៗ ។ ថ្នាក់ដឹកនាំសហព័ន្ធតែងតែលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីរហូត ហើយការលើកទឹកចិត្តនេះ ជាការផ្តល់ថាមពលពីក្រោយសម្រាប់ក្រុម អត្តពលិកដែលចេញដំណើរចូលរួម ការប្រកួតកម្រិតអន្តរជាតិ ។ ប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីឡើងភ្នំចំនួន ៤ នាក់ រួមមាន លោក ស៊ឹម រ៉ន ជាប្រធានប្រតិភូ និងគ្រូបង្វឹក កីឡាការិនី អឹម វិននាថ កីឡាករ នី ចលនា និងកីឡាករ ស្រី វីរបុត្រ។

លោក ស៊ឹម រ៉ន បានប្រសាសន៍ថា ថ្ងៃនេះ លោកបានដឹកនាំកីឡាករ-កីឡាការិនី ឡើងភ្នំចំនួន ៤ នាក់ចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាឡើងភ្នំយុវជនជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០២៦ (Wor ld Climbing Youth Cham pionships Arco) ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ នៅប្រទេសអ៊ីតាលី ដោយកីឡាករ-កីឡាការិនី ឡើងភ្នំចំនួន៤១៩ មកពី ៥១ ប្រទេសក្នុងនោះមានកីឡាការិនី២០៩ នាក់ និងកីឡាករ ២១០នាក់ ។ ក្រុមកីឡាករ-កីឡាការិនីតែងតែបានត្រៀមខ្លួនរួចរាល់ទាំងការហ្វឹកហាត់មុនការប្រកួតកម្រិតអន្តរជាតិនានា៕



