ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បញ្ជាក់ពីការត្រៀមខ្លួន ដើម្បីបន្តការប្រយុទ្ធជាមួយអ៊ីរ៉ង់ភ្លាមៗ

យេរូសាឡឹម៖ មេបញ្ជាការយោធាអ៊ីស្រាអែល លោក Eyal Zamir បានឲ្យដឹងថា យោធាអ៊ីស្រាអែល បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តការប្រយុទ្ធជាមួយអ៊ីរ៉ង់ភ្លាមៗ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ ដែលចេញដោយកងកម្លាំងការពារអ៊ីស្រាអែល (IDF)។ ថ្លែងទៅកាន់មេបញ្ជាការជាន់ខ្ពស់ក្នុងអំឡុងពេលវាយតម្លៃស្ថានភាពនៅក្នុងកងពល West Bank របស់ IDF លោក Eyal  Zamir បានឲ្យដឹងថា យោធាអ៊ីស្រាអែល កំពុងតាមដានយ៉ាងដិតដល់នូវការវិវត្តនៅក្នុងប្រទេសអ៊ីរ៉ង់ និងរក្សាកម្រិតខ្ពស់នៃការត្រៀមខ្លួន។

លោកបានព្រមានថា យោធាអ៊ីស្រាអែល «នឹងធ្វើសកម្មភាពដោយការប្តេជ្ញាចិត្តយ៉ាងខ្លាំងប្រឆាំងនឹងអ្នកណា ដែលធ្វើបាបអ៊ីស្រាអែល»។ លោកបានបន្ថែមថា រួមជាមួយនឹងការរក្សាកម្រិតខ្ពស់នៃការត្រៀមខ្លួនសម្រាប់ការប្រយុទ្ធពហុរណសិរ្ស តំបន់ West Bank នៅតែជាការផ្តោត អារម្មណ៍ប្រតិបត្តិការជាប្រចាំ។

ទន្ទឹមនឹងនេះកងកម្លាំង IDF បានឲ្យដឹងថា កងទ័ពអាកាសរបស់ខ្លួន បានស្ទាក់ចាប់យន្តហោះគ្មានមនុស្ស បើកមួយគ្រឿង ដែលត្រូវបានកំណត់នៅក្នុងតំបន់ព្រំដែនអ៊ីស្រាអែល-ស៊ីរី ដោយបន្ថែមថា ប្រភពដើមនៃការបាញ់បង្ហោះកំពុងស្ថិតក្រោមការពិនិត្យ៕

Most Popular

To Top