ភ្នំពេញ ៖ វគ្គអប់រំសុខភាព និងកីឡាសម្រាប់ជនពិការសតិបញ្ញាដល់គរុនិស្សិតអប់រំកាយ និងកីឡានាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ បញ្ចប់ជាផ្លូវការ ដោយការអញ្ជើញចូលរួមពិធីបិទពីលោក ឃ្លាំង ចន្ធា អគ្គលេខាធិការតំណាងលោក លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់ អូឡាំពិកកម្ពុជា និងលោក តូ រិទ្ធិយ៉ា នាយករង នៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា រៀបចំដោយគណៈកម្មាធិការជាតិស្ប៉េស្យាល់ អូឡាំពិកកម្ពុជាសហការជាមួយវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ។

លោក ឃ្លាំង ចន្ធា អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិស្ប៉េស្យាល់ អូឡាំពិកកម្ពុជា បានប្រាប់ឲ្យដឹងថា គណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា ជានិច្ចកាលតែងតែយកចិត្តទុកដាក់ដល់ការពង្រីក ចលនាកីឡា ល្បែងកម្សាន្ត កម្មវិធីត្រួតពិនិត្យសុខភាព និងកម្មវិធីអប់រំផ្សេងៗទៀត ជារៀងរាល់ឆ្នាំទៅដល់សហគមន៍ និងក្រុមគោលដៅដែលគ្រប់គ្រងមើលថែ ជនពិការសតិបញ្ញា។ ថ្ងៃនេះ ដោយមានការសហការជាមួយវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា បានរៀបចំកម្មវិធីនេះឡើងនៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ជាស្ថាប័នអប់រំបណ្តុះបណ្តាលគ្រូអប់រំកាយ និងកីឡា ដល់សិក្ខាកាមចំនួន៥១នាក់ ស្រី២១នាក់ ដែលជាគរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។

លោក តូ រិទ្ធិយ៉ា បានមានប្រសាសន៍ថា បច្ចុប្បន្នវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ជានិច្ចកាលតែងតែយកចិត្តទុកដាក់ដល់វិស័យអប់រំកាយ និងកីឡា ដោយបានលើកកម្ពស់គុណវុឌ្ឍគ្រូអប់រំកាយ និងកីឡាឲ្យដល់ថ្នាក់បរិញ្ញាបត្រ និងមានការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យអប់រំកាយ និងកីឡាតាមរយៈវគ្គសិក្សាផ្សេងៗដើម្បីចូលរួមក្នុងការអភិវឌ្ឍវិស័យអប់កាយ និងកីឡាឲ្យមានការរីចចម្រើន។ ការពង្រឹង និងពង្រីក ចលនាអប់រំកាយ និងកីឡាតាមរយៈកម្មវិធីសិក្សារបស់វិទ្យាស្ថានជាតិ អប់រំកាយ និងកីឡា ព្រមទាំងមានការបើកវគ្គបណ្តុះបណ្តាលជំនាញផ្សេងៗដល់គរុនិស្សិតអប់រំកាយ និងកីឡា។ ជាក់ស្តែងថ្ងៃនេះបានសហការជាមួយគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបើកវគ្គអប់រំសុខភាព និងកីឡាសម្រាប់ជនពិការសតិបញ្ញា ដល់គរុនិស្សិតអប់រំកាយ និងកីឡានៅវិទ្យាស្ថានជាតិអប់រំកាយ និង កីឡា ដើម្បីក្លាយទៅជាគ្រូ និងអ្នកគ្រប់គ្រងវិស័យអប់រំកាយ និងកីឡា មានបទពិសោធន៍គ្រប់គ្រាន់ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ។

លោកនាយករងនៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា បានបន្តថា គរុនិស្សិតមានការយល់ដឹងកាន់តែច្បាស់អំពីវិញ្ញាសា និងប្រភេទកីឡាផ្សេងៗ ដែលកំពុងមានការវិវឌ្ឍនៅលើសកលលោកនាពេលបច្ចុប្បន្ន ដូចជាប្រភេទកីឡាអូឡាំពិក កីឡាប៉ារ៉ាឡាំពិក និងកីឡាស្ប៉េស្យាល់អូឡាំពិកជាដើម។ ដោយឡែកកីឡាស្ប៉េស្យាល់អូឡាំពិក គឺជាកីឡាសម្រាប់ជនពិការសតិបញ្ញា ឬហៅថាកីឡាជនបញ្ញាខ្សោយ ដែលពួកគាត់មានកម្រិតអាយឃ្យូ“IQ”ទាប ជាងមនុស្សធម្មតាទូទៅតាមរយៈការត្រួតពិនិត្យវាយតម្លៃពីវេជ្ជបណ្ឌិតជំនាញ។

តាមរយៈវគ្គសិក្សានេះ សិក្ខាកាមអាចទទួលបាន នូវចំណេះដឹងអំពីប្រភេទកីឡាសម្រាប់ជនពិការសតិបញ្ញា ដោយអាចសង្កេត និងវាយតម្លៃ លក្ខណៈជនពិការសតិបញ្ញា បានដោយការសង្កេតទៅ លើកាយសម្បទា និងការចងចាំដូចជាការ យល់ដឹងមានការយឺតយ៉ាវ និងមានការភ្លេចភ្លាំងច្រើន។ មិនតែប៉ុណ្ណោះសិក្ខាកាម អាចទទួលបានចំណេះដឹងពី វេជ្ជ បណ្ឌិតអំពីការថែទាំសុខភាព ជនពិកាសតិបញ្ញា ដូចជាវិធីលាងសម្អាតដៃ អនាម័យនៅ ពេល ទទួលទានអាហារ អនា ម័យខ្លួនប្រាណ ការជ្រើសរើសចំណីអាហារដែលមានជីវជាតិ និងមានសារៈសំខាន់ដល់រាងកាយ និងយល់ដឹងអំពី ផលប៉ះពាល់អំពីគ្រឿងស្រវឹង ស្រា បារី និងសារធាតុញ្ញាណផ្សេងៗ និងប្រការខ្លះៗដែលទាក់ទង ទៅនឹងជំងឺ អូទីស្សឹម Autism និងដោនស៊ីនដ្រូម Down symdrome និងការថែរក្សាសុខភាពមាត់ធ្មេញ ៕






