កីឡា

អត្តពលិកតេក្វាន់-ដូ ITF កម្ពុជាឈ្នះមេដាយ ៧ គ្រឿង នៃការប្រកួតកីឡាតេក្វាន់-ដូ ITF ជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី

ភ្នំពេញ ៖ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ កីឡាករ-កីឡាការិនីកីឡា តេក្វាន់-ដូ ITF កម្ពុជាដណ្តើមបានមេដាយ ៧ គ្រឿង ក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ “11th ITF Asian Taekwon-Do Championships” ដែលនឹងប្រព្រឹត្តចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២៦ នៅនៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី។

លោក ប៉ាល់ ជីវ័ន គ្រូបង្វឹកបច្ចេកទេសពិសេស បានប្រាប់តាមអនឡាញពីប្រទេសម៉ុងហ្គោលីថា គិតត្រឹមថ្ងៃត្រង់នេះ កីឡាករ-កីឡាការិនីកីឡាតេក្វាន់-ដូ ITF កម្ពុជាដណ្តើមបានមេដាយ ៧ គ្រឿងរួមមាន មេដាយមាស ២ គ្រឿង បានទៅលើកីឡាករ ស៊ីវ សិរីបុត្រ និងកីឡាករ សិរីរតនាវង្ស លើវិញ្ញាសាមេគុន ។ មេដាយប្រាក់ ៣ គ្រឿង បានទៅលើកីឡាករ ឌីម ឆាយគុណថាវរៈ កីឡាករ នេត្រ ហាក់លី លើវិញ្ញាសាមេគុន ពិសេសឯកត្តជន (បំបែកក្តារ)និងកីឡាការិនី លឹម ខេង មេគុន ពិសេសឯកត្តជន (បំបែកក្តារ) ចំណែកមេដាយសំរិទ្ធ ២ គ្រឿងទៀតបានទៅលើឡេង ឆកិត្យា និងកីឡាករ សិរី នុរក្សពង្ស លើវិញ្ញាសាមេគុន។

សហព័ន្ធបានបញ្ជូនក្រុមប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីសរុបទំាងអស់ ៤៧ នាក់ក្នុងនោះគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីចំនួន ៣៨ នាក់ ក្នុងនោះកីឡាករ-កីឡាការិនី៣២ នាក់ មានក្រុមយុវជន និងក្រុមឈុតធំ។
ការប្រកួតលើនេះកីឡាករ-កីឡាការិនីកីឡាតេក្វាន់-ដូITFកម្ពុជានឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការដណ្តើមមេដាយជូនជាតិ និងម្ចាស់ឧបត្ថម្ភវឌ្ឍនៈ៕

Most Popular

To Top