ភ្នំពេញ ៖ នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ លោក គួច ហុងជៀក ប្រធានស្តីទីសហព័ន្ធខ្មែរ កីឡាហាប់គីដូ បានបង្ហាញក្តីរំភើបរីករាយយ៉ាងខ្លាំង នៅពែលលោកបានឃើញ កីឡាករ-កីឡាការិនីហាប់គីដូ របស់លោក ខិតខំប្រឹងប្រែងហ្វឹកហាត់ ហើយចេញថវិកា ផ្ទាល់ខ្លួន ចេញទៅចូលរួមព្រឹត្តិការណ៍ ការប្រកួតជើងឯកហាប់គីដូ អាស៊ីលើកទី៣ ឆ្នាំ២០២៦ (3rd Asian HAPKIDO Championships 2026) ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។

លោកលោក គួច ហុងជៀក ប្រធានស្តីទីសហព័ន្ធខ្មែរកីឡាហាប់គីដូ បានលើកឡើងនាយប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសពិធីសន្និសីទសារព័ត៌មាន ស្តីអំពីការទៅចូលរួមព្រឹត្តិការណ៍ការប្រកួតជើងឯកហាប់គីដូអាស៊ីលើកទី៣ ឆ្នាំ២០២៦ (3rd Asian HAPKIDO Championships 2026) នៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីតាំងហ្វឹកហាត់ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក សុទ្ធ សុភក្រ្ដ័ ប្រតិភូ និងលោក យ៉ាន់ បូរិន ប្រតិភូរងនៃសមាគមកីឡាហាប់គីដូ ក្រសួងមហាផ្ទៃ។

លោកប្រធានស្តីទី បានបញ្ជាក់ថា ការប្រកួតជើងឯកអាស៊ី លើកទី៣ នៅប្រទេសចិននាពេលនេះ សហព័ន្ធបានបញ្ជូនប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីហាប់គីដូកម្ពុជា សរុប ១៨ នាក់បានចំណាយថវិកា ផ្ទាល់ខ្លួនជាង៩០ភាគរយ និងទទួលបានការ ជួយឧបត្ថម្ភគាំទ្រពីសហព័ន្ធបន្តិចបន្តួច ជាមួយនឹងការលើកទឹកចិត្តប៉ុណ្ណោះ។ នេះជាឆន្ទៈដ៏មោះមុតបំផុត របស់ប្រតិភូកីឡាហាប់គីដូ ដោយពុះពារការ លំបាក ការខ្វះខាត ហើយចំណាយធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមប្រកួតប្រជែង មេដាយជូនជាតិ។ ការចូលរួមប្រកួតអន្តរជាតិ២លើកកន្លងទៅ ប្រតិភូកីឡាយើងទទួលបានការឧបត្ថម្ភគាំទ្រថវិកាពីសហព័ន្ធច្រើន ប៉ុន្តែនៅឆ្នាំ២០២៦នេះ គឺពួកគាត់ខិតខំហ្វឹកហាត់យ៉ាងខ្លាំងក្លាហើយ ព្រមទាំងចំណាយថវិកាផ្ទាល់ខ្លួនទៀត។

លោក គួច ហុងជៀក សង្កត់ធ្ងន់បែបនេះបន្ថែមថា ការប្តេជ្ញាចិត្តដ៏មោះមុតបែបនេះ ខ្ញុំជឿជាក់ថា ពួកគាត់មិនថយក្រោយទេ ពោលគឺមានតែដើរឆ្ពោះទៅមុខ ហើយសហព័ន្ធនឹងកាន់តែរឹងមាំទៅៗពីមួយជំនាន់ទៅមួយជំនាន់ ដោយសារតែការតស៊ូ និងការលះបង់កម្លាំកាយ កម្លាំងចិត្ត ថវិកា ផ្ទាល់ខ្លួនរបស់កីឡាករ កីឡាការិនី។ ជាធម្មតា ថ្នាក់ដឹកនាំសហព័ន្ធ ត្រូវចំណាយរបស់កីឡាករ កីឡាការិនីក្នុងការចេញទៅប្រកួតអន្តរជាតិ ប៉ុន្តែលើកនេះ ពួកគាត់បានធ្វើដោយខ្លួនឯង។

ក្នុងនាមសហព័ន្ធ យើងជឿជាក់ថា តាមរយៈសមិទ្ធផលមេដាយមាស ប្រាក់ និងសំរឹទ្ធិពីការប្រកួតអន្តរជាតិ ២លើកកន្លងមក ក៏ដូចជាការប្តេជ្ញាចិត្តប្រឹងប្រែងប្រកួតជើងឯកអាស៊ី នៅប្រទេសចិន ក្នុងខែសីហា ឆ្នាំ២០២៦ ឆាប់ៗខាងមុខនេះ សហព័ន្ធសង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡានឹងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តជូនដល់កីឡាករ កីឡាការិនី ដែលប្រឹងប្រែងដណ្តើមមេដាយជូនជាតិ រួមទាំងការចូលរួមឧបត្ថម្ភគាំទ្រពីដៃគូឧបត្ថម្ភផ្សេងៗទៀត នាពេលខាងមុខ។ ប្រតិភូកីឡាហាប់គីដូកម្ពុជាមានចំនួនសរុប ១៨នាក់ គ្រូបង្វឹក ២នាក់ និងមន្ត្រីកីឡាម្នាក់ ពោរពេញដោយមោទនភាពក្នុងការតំណាងឱ្យកម្ពុជាតទល់នឹងក្រុមហាប់គីដូដទៃមកពីបណ្តាប្រទេសនានា ក្នុងទ្វីបអាស៊ី៕






