កីឡា

ប៉ូលីសកូរ៉េកោះហៅ អតីតគ្រូបង្វឹកក្រុមជម្រើសជាតិ លោក Hong Myung-bo ជាជនសង្ស័យក្នុងការស៊ើបអង្កេត ការតែងតាំងលោក

កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប៉ូលីសកូរ៉េខាងត្បូងបានកោះហៅអតីតគ្រូបង្វឹកក្រុមជម្រើសជាតិ លោក Hong Myung-bo ដែលលាលែងពីតំណែង ជាលើកដំបូងក្នុងនាមជាជនសង្ស័យ ទាក់ទងនឹងការតែងតាំងដ៏ចម្រូងចម្រាស របស់លោកដោយសហព័ន្ធកីឡាបាល់ទាត់កូរ៉េខាងត្បូង កាលឆ្នាំ២០២៤ បន្ទាប់ពីការដឹកនាំរបស់លោកបានបរាជ័យសម្រាប់ព្រឹត្តិការណ៍ World Cup ។

យោងតាម News1 បានចេញផ្សាយថា អង្គភាពស៊ើបអង្កេតឧក្រិដ្ឋកម្មហិរញ្ញវត្ថុរបស់ទីភ្នាក់ងារប៉ូលីសទីក្រុងសេអ៊ូលបានសួរចម្លើយលោក Hong ដោយសម្ងាត់នៅថ្ងៃអង្គារ ។ នេះជាលើកទីមួយហើយដែលអតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េខាងត្បូងត្រូវបានកោះហៅជាជនសង្ស័យក្នុងការស៊ើបអង្កេតដែលកំពុងបន្តទៅលើ KFA។

ប៉ូលីសកំពុងផ្តោតលើការបញ្ជាក់ឲ្យច្បាស់ពីរបៀបដែលលោក Hong ត្រូវបានបញ្ចូលក្នុងបញ្ជីបេក្ខជនសម្រាប់តំណែងគ្រូបង្វឹកក្រុមជម្រើសជាតិតាំងពីដំបូង និងពិនិត្យមើលដំណើរការទាំងមូលដែលនាំឲ្យមានការតែងតាំងរបស់លោក។បន្ថែមពីលើការស៊ើបអង្កេតលើការចោទប្រកាន់បានរៀបរាប់ក្នុងពាក្យបណ្តឹងជាផ្លូវការ ប៉ូលីសកំពុងប្រមូលសេចក្តីថ្លែងការណ៍សាក្សីទាក់ទងនឹងដំណើរការជ្រើសរើសគ្រូបង្វឹកទាំងមូល។

នេះបើយោងតាមរបាយការណ៍របស់ Chosun បាននិយាយថា លោក Hong រួមជាមួយអតីតប្រធាន KFA លោក Chung Mong-gyu អតីតនាយកបច្ចេកទេស លោក Lee Im-saeng និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត កំពុងប្រឈមមុខនឹងការចោទប្រកាន់ធ្ងន់ធ្ងរ រួមទាំងការរារាំងអាជីវកម្ម ការរំលោភលើទំនុកចិត្ត ការបង្ខិតបង្ខំ និងការគំរាមកំហែង។

សំណុំរឿងផ្លូវច្បាប់នេះបានកើតចេញពីពាក្យបណ្តឹងជាផ្លូវការដែលដាក់ដោយក្រុមស៊ីវិលមួយ គឺគណៈកម្មាធិការសម្រាប់ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាជន។ ពួកគេបានចោទប្រកាន់ថា KFA បានរំលោភលើបទបញ្ជារបស់ខ្លួនដោយចេតនាលើការគ្រប់គ្រងក្រុមជម្រើសជាតិ នៅពេលតែងតាំងលោក Hong ខែកក្កដា ឆ្នាំ២០២៤៕

Most Popular

To Top