កីឡា

កីឡាករ Messi ទទួលបានការគំរាមកំហែងច្រើនបំផុត នៅព្រឹត្តិការណ៍World Cup 2026 ខណៈកីឡាករ Ronaldo ទាក់ទាញចំណាប់ អារម្មណ៍អ្នកគាំទ្រខ្លាំងបំផុត

អាមរិក ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កីឡាករ អាជ្ញាកណ្តាល និងក្រុមជម្រើសជាតិ ជាច្រើនត្រូវបានទទួលរងនូវការគំរាមកំហែង និងការយាយីពេញមួយព្រឹត្តិការណ៍បាល់ទាត់ ពិភពលោកឆ្នាំ២០២៦ “World Cup 2026” ក្នុងនោះកីឡាករបាល់ទាត់ Lionel Messi ទទួលបានការគំរាមកំហែង និងការយាយីច្រើនជាងគេ។

យោងតាមឯកសារពីមជ្ឈមណ្ឌលសហប្រតិបត្តិការប៉ូលីសអន្តរជាតិ (IPCC) ជាអង្គភាពសម្របសម្រួលដោយ FBI ការប្រកួតនេះបានឃើញការគំរាមកំហែងយ៉ាងច្រើនមិនធ្លាប់មានពីមុនមក។ កាសែតអេស្ប៉ាញ Información បានទទួលឯកសារដែលរៀបរាប់លម្អិតអំពីការយាយីដែលតម្រង់ទៅលើកីឡាករ និងមន្ត្រី។

របាយការណ៍បង្ហាញថា កីឡាករ Messi បានទទួលការគំរាមកំហែងច្រើនបំផុតមុន និងក្នុងអំឡុងពេលព្រឹត្តិការណ៍បាល់ទាត់ពិភពលោកនេះ។ ហេតុការណ៍ដ៏ធ្ងន់ធ្ងរបំផុតមួយបានកើតឡើង នៅពេលបុគ្គលម្នាក់បានទូរស័ព្ទទៅអាកាសយានដ្ឋាន Dallas ហើយអះអាងថា គាត់ និងមនុស្ស ២ នាក់ទៀតកំពុងធ្វើដំណើរទៅកាន់ពហុកីឡដ្ឋានជាមួយនឹងគ្រាប់បែកផលិតនៅផ្ទះ និងកាំភ្លើង AR-15 ដោយបញ្ជាក់ពីចេតនារបស់ពួកគេក្នុងការវាយប្រហារលើកីឡាករឆ្នើមអាហ្សង់ទីនរូបនេះ។

ក្នុងអំឡុងពេលការប្រកួតមួយផ្សេងទៀតនៅ Atlanta អ្នកប្រើប្រាស់ម្នាក់នៅលើបណ្តាញសង្គម X បានបង្ហោះថា ពួកគេហៀបនឹងចូលទៅក្នុងពហុកីឡដ្ឋាន ហើយបំផ្ទុះ Messi ដោយប្រើគ្រាប់បែកចំនួន ៤ គ្រាប់ចងជាប់នឹងខ្លួនរបស់ពួកគេ។ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនេះ អាជ្ញាធរត្រូវដាក់ពង្រាយអង្គភាពកម្ចាត់គ្រាប់បែកឯកទេស និងក្រុម K-9 ដើម្បីបោសសម្អាតពហុកីឡដ្ឋានទាំងមូលយ៉ាងហ្មត់ចត់។

នេះបើយោងតាមរបាយការណ៍ របស់ AS ថា ចំណែកលោក Cristiano Ronaldo ជាកីឡាករត្រូវបានកំណត់គោលដៅ ញឹកញាប់បំផុតដោយអ្នកគាំទ្រជ្រុលនិយម និងងប់ងល់។ នៅទីក្រុង Houston និង Toronto ប៉ូលីសបានចាប់ខ្លួនមនុស្សជាច្រើននាក់ដែលព្យាយាមចូលទៅជិតតារាឆ្នើមព័រទុយហ្គាល់រូបនេះ រួមទាំងករណីដែលមនុស្សលួចចូលទៅក្នុងជណ្តើរយន្ត និងតំបន់ហាមឃាត់៕

Most Popular

To Top