ភ្នំពេញ ៖ ក្រុមប្រតិភូ គ្រូបង្វឹក-គ្រូជំនួយ និងកីឡាករ-កីឡាការិនីតេក្វាន់ដូ ITF កម្ពុជា សរុប ៤៧ រូប ក្រោមដឹកនាំពីសំណាក់លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងប្រធានសហព័ន្ធកីឡាតេក្វាន់-ដូITFកម្ពុជា នាយប់ថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៦ នឹងដល់មាតុប្រទេសវិញ បន្ទាប់ពីបញ្ចប់ភារកិច្ចក្នុងការប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ “11th ITF Asian Taekwon-Do Championships” ដែលនឹងប្រព្រឹត្តចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២៦ នៅនៅទីក្រុង Ulaanbaatar ប្រទេសម៉ុងហ្គោលី អមដំណើរដោយលោក ផាត់ បញ្ញាសុជាតក៍ អនុប្រធាន[មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា ។

ក្រុមកីឡាករ-កីឡាការិនីតេក្វាន់ដូ ITF កម្ពុជា ដណ្តើមបានមេដាយ ៤១គ្រឿង ក្នុងនោះ មេដាយមាស ៨ គ្រឿង មេដាយប្រាក់ ១២ គ្រឿង និងមេដាយសំរឹទ្ធ ២១ គ្រឿង ជាលទ្ធផលកម្ពុជាជាប់ចំណាត់ថ្នាក់លេខ ៥ ក្នុងចំណោមប្រទេសចូលរួម២៥ និងទទួលបានពានរង្វាន់ប្រចាំប្រទេសចំណាត់ថ្នាក់លេខ ២ ក្នុងកម្រិតការប្រកួតអាយុ១៨ ដល់៣៤ឆ្នាំ។

ប្រទេសកម្ពុជាបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ ដោយទទួលបានការគាំទ្រជាឯកច្ឆន្ទ ក្នុងការដណ្ដើមយកសិទ្ធិធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាតែក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី១២ (12th Asian Taekwon-Do Championship) នាឆ្នាំ២០២៨ ខាងមុខ។ កិច្ចប្រជុំមហាសន្និបាតសហព័ន្ធតែក្វាន់ដូអាស៊ី (Asian TKD Federation 11th Congress / ATF EB Meeting) នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ នេះ មានប្រទេសបេក្ខភាពចំនួន ៣ ដែលបានដាក់ពាក្យស្នើសុំធ្វើជាម្ចាស់ផ្ទះ រួមមាន ប្រទេសអ៊ុយស្បេគីស្ថាន (Uzbekistan) ប្រទេសកៀគីស្ថាន (Kyrgyzstan) និង
ព្រះរាជាណាចក្រកម្ពុជា (Cambodia)

ដោយមើលឃើញពីភាពជោគជ័យយ៉ាងខ្លាំងកាលពីការរៀបចំការប្រកួតជើងឯកអាស៊ីអាគ្នេយ៍កន្លងមក ដែលបង្ហាញពីសមត្ថភាពរៀបចំកម្រិតខ្ពស់ និងភាពរៀបរយឥតខ្ចោះនោះ បានធ្វើឲ្យបណ្តាប្រទេសសមាជិកក្នុងតំបន់អាស៊ីទាំងអស់ សម្តែងនូវការកោតសរសើរ និងផ្តល់សេចក្តីទុកចិត្តយ៉ាងពេញទំហឹង ដោយបោះឆ្នោតគាំទ្រកម្ពុជាជាឯកច្ឆន្ទ ឲ្យទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អាស៊ី ឆ្នាំ២០២៨ នេះតែម្តង។

ជោគជ័យដ៏ត្រចះត្រចង់នេះ គឺជាមោទនភាពដ៏ធំធេងសម្រាប់វិស័យកីឡាតែក្វាន់ដូ ITF និងវិស័យកីឡាជាតិទាំងមូលរបស់កម្ពុជា ក្នុងការបន្តលើកកម្ពស់មុខមាត់ប្រទេសជាតិលើឆាកអន្តរជាតិ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងច្បាស់លាស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែផ្តល់ការយកចិត្តទុកដាក់ និងគាំទ្រយ៉ាងពេញទំហឹងដល់វិស័យកីឡាជាតិ៕
ដោយ៖លី ភីលីព



