កីឡា

សហព័ន្ធកីឡាបាល់ទាត់ជប៉ុន ស៊ើបអង្កេតអាជ្ញាកណ្តាល ជុំវិញរឿងអាស្រូវសូកប៉ាន់ ផ្លូវភេទនៅកូរ៉េខាងត្បូង

ជប៉ុន៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា សហព័ន្ធកីឡាបាល់ទាត់ជប៉ុន (JFA) បានបើកការស៊ើបអង្កេតលើអាជ្ញាក ណ្តាលជប៉ុនចំនួន ៤ នាក់ពីបទទទួលសេវាផ្លូវភេទ ដែលបង់ដោយសហព័ន្ធ កីឡាបាល់ទាត់កូរ៉េខាងត្បូង (KFA) កាលពី ១៥ ឆ្នាំមុន។

យោងតាមសារព័ត៌មាន Kyodo News បានឲ្យដឹងថា JFA ចង់ចេញផ្សាយជាសាធារណៈនូវការរកឃើញនេះ នៅពេលដែលការស៊ើបអង្កេតត្រូវបានបញ្ចប់។ មុននេះ កាលពីថ្ងៃទី ៦ ខែសីហា ស្ថានីយទូរទស្សន៍ JTBC បានបង្ហាញពីសេចក្តីសន្និដ្ឋានពីរបាយការណ៍សវនកម្មរបស់រដ្ឋាភិបាលឆ្នាំ ២០១៦ ចងក្រងដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍កូរ៉េខាងត្បូង (MCST) ដែលមានព័ត៌មានលម្អិតអំពីការប្រព្រឹត្តខុសដោយ KFA មិនធ្លាប់ត្រូវបានផ្សព្វផ្សាយជាសាធារណៈពីមុនមក។

សវនកម្មបានរកឃើញថា KFA បានរៀបចំបដិសណ្ឋារកិច្ចមិនសមរម្យយ៉ាងហោចណាស់ប្រាំពីរលើក សម្រាប់អាជ្ញាកណ្តាលបរទេសចំនួន ១០ នាក់ និងអ្នកត្រួតពិនិត្យអាជ្ញាកណ្តាល ដែលធ្វើជាអាជ្ញាកណ្តាលក្នុងការប្រកួតមានក្រុមជម្រើសជាតិកូរ៉េខាងត្បូង រួមទាំង៣នាក់ក្នុងវគ្គជម្រុះ World Cup និង Olympic រួមជាមួយនឹងការប្រកួតមិត្តភាពអន្តរជាតិចំនួន ៤ លើក។

ហេតុការណ៍នេះបានកើតឡើងរវាងខែមីនា ឆ្នាំ ២០១១ និងខែមីនា ឆ្នាំ ២០១២ ស្ថិតនៅក្រោមអាណត្តិរបស់អតីតប្រធាន KFA គឺលោក Cho Chung-yun។ ការទូទាត់ត្រូវបានធ្វើឡើងដោយប្រើកាតឥណទានផ្លូវការរបស់ KFA នៅតាមហាងម៉ាស្សាជាច្រើនក្នុងប្រទេសកូរ៉េខាងត្បូង។ តម្លៃសម្រាប់សេវាកម្មទាំងនេះមានចាប់ពីរាប់រយពាន់ដល់ជាងមួយលានវ៉ុន (៧០០ ដុល្លារអាមេរិក) ក្នុងមួយលើក។

អាជ្ញាកណ្តាលជប៉ុនម្នាក់ដែលមានឈ្មោះលើរបាយការណ៍គឺ Yuichi Nishimura។ គាត់បានធ្វើជាអាជ្ញាកណ្តាលក្នុងការប្រកួតដែលកូរ៉េខាងត្បូងបានយកឈ្នះគុយវ៉ែត ២-០ ក្នុងវគ្គជម្រុះ World Cup ឆ្នាំ ២០១៤ នៅឯពហុកីឡដ្ឋាន Seoul World Cup នៅថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ ២០១២។

យោងតាមកំណត់ត្រា នៅព្រឹកព្រលឹមនៃថ្ងៃដដែលនោះ កាតឥណទាន KFA ត្រូវបានប្រើប្រាស់ដើម្បីបង់ប្រាក់ចំនួន ៥០០,០០០ វ៉ុននៅហាងម៉ាស្សាមួយក្នុងសង្កាត់ Gangnam ដ៏ប្រណីតរបស់ទីក្រុងសេអ៊ូល។ បុគ្គលិកម្នាក់មកពីនាយកដ្ឋានអាជ្ញាកណ្តាលរបស់ KFA បានប្រាប់អ្នកស៊ើបអង្កេតថា ថ្លៃសេវាដែលហាងម៉ាស្សាគិតរួមមានថ្លៃសេវាពេស្យាចារ។

បុគ្គលនេះក៏បានអះអាងផងដែរថា អាជ្ញាកណ្តាលបរទេសតែងតែធ្វើការស្នើសុំទាំងនេះនៅពេលនៅអាកាសយានដ្ឋាន ឬសណ្ឋាគាររបស់ពួកគេ ដែលជំរុញឱ្យ KFA រៀបចំបដិសណ្ឋារកិច្ចយ៉ាងច្បាស់លាស់។

យោងតាម Yonhap រឿងអាស្រូវនេះគឺជាករណី “ការសូកប៉ាន់ផ្លូវភេទធ្ងន់ធ្ងរ” ដែលពាក់ព័ន្ធនឹងអាជ្ញាកណ្តាល។
ទោះជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារប៉ូលីសក្រុងសេអ៊ូលមិនទាន់បានចាត់វិធានការ ស៊ើបអង្កេតឡើងវិញលើបញ្ហាសូកប៉ាន់ជាក់លាក់នេះនៅឡើយទេ ដោយសារតែអាជ្ញាយុកាលបានផុតកំណត់៕

Most Popular

To Top