កីឡា

កីឡាករ-កីឡាការិនី ហាប់គីដូកម្ពុជា ឈ្នះមេដាយ៣៥គ្រឿង ក្នុងការប្រកួតជើងឯក ហាប់គីដូអាស៊ីលើកទី៣ ឆ្នាំ២០២៦ នៅចិន

កណ្តាល ៖ កីឡាករ-កីឡាការិនីហាប់គីដូកម្ពុជា ដណ្តើមបានមេដាយសរុបចំនួន ៣៥ គ្រឿង ក្នុងព្រឹត្តិការណ៍ ការប្រកួតជើងឯក ហាប់គីដូអាស៊ីលើកទី៣ ឆ្នាំ២០២៦ (3rd Asian HAPKIDO Championships 2026) ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងហុងកុង ប្រទេសចិន។

លោក គង់ ចាន់ធីណា ជាគ្រូបង្វឹក បានប្រាប់ឲ្យដឹងថា ការចូលរួមព្រឹត្តិការណ៍ ការប្រកួតជើងឯកហាប់គីដូអាស៊ីលើកទី៣ ឆ្នាំ២០២៦ (3rd Asian HAPKIDO Championships 2026) ឆ្នាំនេះកីឡាករ-កីឡាការិនីហាប់គីដូកម្ពុជា ដណ្តើមបានមេដាយសរុបចំនួន ៣៥ គ្រឿង ក្នុងនោះមេដាយមាស ១២ គ្រឿង មេដាយប្រាក់ ៩ គ្រឿង និងមេដាយសំរិទ្ធ ១៤ គ្រឿង មានសារសំខាន់ក្នុងការពង្រឹង និងពង្រីកកីឡាហាប់គីដូកម្ពុជាឲ្យមានការទទួលស្គាល់ និងសាងកេរ្តិ៍ឈ្មោះ នៅលើឆាកអន្តរជាតិ ។ ការចូលរួមប្រកួតលើកនេះ កីឡាករ-កីឡាការិនី បានត្រៀមខ្លួនរួចរាល់ ក្នុងកម្រិត គុណភាពបច្ចេកទេស ជាពិសេសការ ហ្វឹកហាត់ត្រៀម ខ្លួនអស់ពីកម្លាំងកាយចិត្ត ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដើម្បីដណ្តើមលទ្ធផលល្អ ជូនប្រទេសជាតិយើង។

លោក គង់ ចាន់ធីណា បន្ថែមថា ចំពោះកីឡាករ-កីឡាការិនីហាប់គីដូកម្ពុជា បានប្រឹងប្រែងហ្វឹកហាត់ពេញ១ឆ្នាំ ក្នុងការត្រៀមប្រកួតទាំងក្នុងប្រទេស និងក្រៅប្រទេស ស្របតាមការគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ សម្រាប់អាណត្តិក្រោមការដឹកនាំរបស់ឧកញ៉ា សៅ សេងហាក់ ប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ គឺប្រភេទកីឡានេះមានការរីកចម្រើនច្រើន ហើយយើងសង្ឃឹមថា កីឡាហាប់គីដូកម្ពុជាកាន់តែរីកចម្រើន កាន់តែលឿនជាងមុន ។

ជាចុងក្រោយ លោក គង់ ចាន់ធីណា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រសួងអប់រំ យុវជន និងកីឡា និង NOCC ដែលអនុញ្ញាត និងគាំទ្រ ក្នុងការបញ្ជូនអត្តពលិកហាប់គីដូកម្ពុជាចូលរួមប្រកួតជើងឯកអាស៊ី នៅប្រទេសចិន ឆ្នាំ២០២៦នេះ។ ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណដល់ឧកញ៉ា សៅ សេងហាក់ និងថ្នាក់ដឹកនាំសហព័ន្ធទាំងអស់ រួមទាំងក្រុមហ៊ុនជាដៃគូឧបត្ថម្ភគាំទ្រ ដល់ដំណើរបេសកមម្ម ចេញទៅប្រកួតអន្តរជាតិលើកនេះ ។

សហ័ន្ធខ្មែរកីឡាហាប់គីដូ បានបញ្ជូនប្រតិភូ១រូប គ្រូបង្វឹក ១ រូប គ្រូជំនួយ ២ រូប កីឡាករ១០រូប និងកីឡាការិនី ចំនួន៤រូប សរុប១៨រូប ក្នុងនោះមាន គ្រូបង្វឹក និងកីឡាករ-កីឡកាការិនី មកពីសមាគមកីឡាហាប់គីដូក្រសួងមហាផ្ទៃ ៧ រូបចូលរួម៕

Most Popular

To Top