កីឡា

លោក វ៉ាត់ ចំរើន និងលោក ប៉េង ពោធិ៍សា ដឹកនាំកិច្ចប្រជុំត្រៀម រៀបចំការរត់ភ្លើងគប់កីឡា និងការប្រកួតកីឡាទូកនាគ ទូកកានូ និងរ៉ូអ៊ីង ក្នុងព្រឹត្តិការណ៍កីឡាជាតិ នៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង ៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងលោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួម កិច្ចប្រជុំស្តីពីការត្រៀមរៀបចំកម្មវិធីរត់ភ្លើងគប់កីឡា និងត្រៀមរៀបចំការប្រកួតកីឡាទូកនាគ ទូកកានូ និងរ៉ូអ៊ីង ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅសាលប្រជុំរដ្ឋបាលខេត្តស្វាយរៀង។

ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡាលោក ហួត សេងទ្រី ជាប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា និងមន្រ្តីបច្ចេកទេសរបស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ខេត្តកែប ស្វាយរៀង និងខេកំពង់ឆ្នាំង។

ក្នុងព្រឹត្តិការណ៍កីឡាជាតិឆ្នាំនេះ កីឡាករ-កីឡាការិនី ត្រូវបានកំណត់អាយុតាមប្រភេទកីឡានីមួយៗ ហើយកីឡាករ កីឡាការិនីត្រូវមានសញ្ជាតិខ្មែរ និងកំពុងរស់នៅអចិន្ត្រៃយ៍នៅកម្ពុជា និងកីឡាករ កីឡាការិនីត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែនសញ្ជាតិខ្មែរ ទើបអាចចូលរួមប្រកួតបាន។

ពិធីបើកការប្រកួតជាផ្លូវការនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅពហុកីឡដ្ឋានជាតិ អូឡាំពិក ។ ពិធីបិទនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕

Most Popular

To Top