មូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានជំរុញដល់ថ្នាក់ដឹកនាំជប៉ុនឱ្យផ្តោតលើកិច្ចការផ្ទៃក្នុងរបស់ខ្លួនជំនួសឱ្យការចាប់ផ្តើម ការវាយប្រហារប្រឆាំងនឹងរុស្ស៊ី ដេីម្បីព្យាយាមបិទបាំងចលនាយោធារបស់ខ្លួន។
លោក Lavrov បានធ្វើការកត់សម្គាល់នេះ នៅពេលធ្វើអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍របស់ទីក្រុងតូក្យូ ជុំវិញដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ទៅកាន់កោះ Iturup (ហៅថា កោះ Etorofu នៅក្នុងប្រទេសជប៉ុន) ដែលជាកោះមួយក្នុងចំណោមកោះ Kuril ភាគខាងត្បូង ដែលត្រូវបានគេស្គាល់ថាជាទឹកដីភាគខាងជើងនៅក្នុងប្រទេសជប៉ុន។
លោកបានកត់សម្គាល់ថា “ប្រសិនបើសហសេវិកជប៉ុនឥឡូវនេះកំពុងព្យាយាមផ្លាស់ប្តូរច្បាប់អន្តរជាតិឱ្យសមនឹងខ្លួន និងសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ពួកគេ។
ប្រសិនបើពួកគេព្យាយាមគេចវេះការទទួលខុសត្រូវជាប្រវត្តិសាស្ត្រ ចំពោះទង្វើខុសឆ្គងកន្លងមក ហើយឥឡូវនេះកំពុងរំលោភលើរដ្ឋធម្មនុញ្ញរបស់ពួកគេ គោលការណ៍មិនមែននុយក្លេអ៊ែរទាំងបី កំពុងត្រូវបានបំផ្លាញ ហើយយោធារបស់ពួកគេកំពុងស្វែងរកការអនុវត្តប្រតិបត្តិការនៅក្រៅប្រទេស ដែលជាអ្វីដែលហាមឃាត់ពីមុនក្រោមរដ្ឋធម្មនុញ្ញ ដែលនេះជាធម្មតាបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង”។
លោកបានបន្ថែមថា “ប្រសិនបើពួកគេសង្ឃឹមថានឹងបង្វែរការចាប់អារម្មណ៍ពីដំណើរយោធានិយមដ៏ឈ្លានពាននេះដោយចាប់ផ្តើមបែបនេះ សូមអភ័យទោស ចំពោះជម្រើសពាក្យសម្ដីត្រង់ៗរបស់ខ្ញុំ ការរិះគន់យ៉ាងខ្លាំងប្រឆាំងនឹងរុស្ស៊ី និងការចោទប្រកាន់យើងថារំលោភច្បាប់អន្តរជាតិ ខ្ញុំនឹងណែនាំពួកគេឱ្យគិតពីរឿងផ្ទាល់ខ្លួនរបស់ពួកគេ។ ពួកគេមានបញ្ហាបែបនេះជាច្រើននៅក្នុងប្រទេស”។
លោក ពូទីន បានធ្វើទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់កោះដែលមានជម្លោះនៅថ្ងៃទី១៣ ខែសីហា។ នាយករដ្ឋមន្ត្រីជប៉ុនលោកស្រី Sanae Takaichi “បានតវ៉ាយ៉ាងខ្លាំង” ចំពោះដំណើរទស្សនកិច្ចនេះនៅក្នុងសន្និសីទសារព័ត៌មានមួយ។
ក្រសួងការបរទេសរុស្ស៊ី បានកោះហៅឯកអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសរុស្ស៊ីលោក Akira Muto ប៉ុន្តែឯកអគ្គរដ្ឋទូតមិនបានបញ្ជាក់ពីវត្តមានរបស់លោកនៅក្រសួងដោយលើកឡើងពីហេតុផលសុខភាពផ្ទាល់ខ្លួន៕
ប្រែសម្រួល ឈូក បូរ៉ា
