ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការ ទទួលបន្ទុករួម នានាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំស្តីពីការដំណើរការ ចុះឈ្មោះចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាហ្រ្វង់កូហ្វូនី លើកទី១០ នៅប្រទេសអាមឺនៀ នៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

កិច្ចប្រជុំនេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធាន លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងជាសមាជិកអចិន្រ្តៃយ៍ លោក ឈុន ចាន់ធូ អគ្គនាយករង និងជាសមាជិក លោក វ៉ា វណ្ណៈ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា ជាសមាជិក លោក យាន គីស៊ីវុត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ព្រមទាំងលេខាធិការអចិន្ត្រៃយ៍ អនុគណៈកម្មការទំនាក់ទំនង និងស្រាវជ្រាវ និងអនុគណៈកម្មាការបច្ចេកទេស ។

ព្រឹត្តិការណ៍ការប្រកួតកីឡាហ្រ្វង់កូហ្វូនីលើកទី១០ នៅប្រទេសអាមឺនៀ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៣ ខែកក្កដាដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៧ ប្រទេសកម្ពុជាបានសម្រេចបញ្ជូនអត្តពលិកចូលរួមប្រកួតលើប្រភេទកីឡាចំនួន ៥ រួមមាន អត្តពលកម្ម អត្តពលកម្មជនពិការ បាល់បោះ៣x៣ បាល់បោះជិះរទេស៣x៣ និងយូដូ ៕


