ព័រទុយហ្គាល់៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា កំពូលកីឡាករបាល់ទាត់អាជីពព័រទុយហ្គាល់ Cristiano Ronaldo និងអ្នកនាង Georgina Rodriguez ទើបតែរៀបការដោយសម្ងាត់នៅផ្ទះឯកជនរបស់ពួកគេ ហើយពួកគេមានគម្រោងរៀបចំពិធីមង្គលការលើកទីពីរដ៏អស្ចារ្យជាមួយក្រុមគ្រួសារ និងមិត្តភក្តិ។
គូស្នេហ៍នេះបានក្លាយជាប្តីប្រពន្ធជាផ្លូវការ បន្ទាប់ពីពិធីមួយនៅផ្ទះរបស់ពួកគេនៅ Cascais នថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ។ ទោះជាយ៉ាងណាក៏ដោយ ពិធីមង្គលការដ៏ស្ងប់ស្ងាត់នេះមិនមែនជារឿងតែមួយគត់ដែលពួកគេបានគ្រោងទុកសម្រាប់អាពាហ៍ពិពាហ៍របស់ពួកគេនោះទេ។
ថ្លែងទៅកាន់ទស្សនាវដ្តី Vogue អ្នកនាង Rodriguez អាយុ ៣២ ឆ្នាំ បានបង្ហាញថា ពួកគេកំពុងរៀបចំពិធីមង្គលការដ៏ធំមួយ ដែលនឹងមានការចូលរួមពីក្រុមគ្រួសារ និងមិត្តភក្តិកាន់តែច្រើន។ គូស្នេហ៍នេះមិនទាន់បានប្រកាសពីកាលបរិច្ឆេទ ឬទីកន្លែងជាក់លាក់សម្រាប់ពិធីមង្គលការនាពេលខាងមុខនៅឡើយទេ។
ពិធីមង្គលការលើកដំបូងបានធ្វើឡើងក្នុងបន្ទប់ទទួលភ្ញៀវនៃវីឡាប្រណីតតម្លៃ ៧០ លានដុល្លារអាមេរិករបស់គ្រួសារនេះ ជាជាងនៅប្រាសាទដ៏អស្ចារ្យ សណ្ឋាគារ ឬរមណីយដ្ឋានដ៏ប្រណីត។ Rodriguez បានពន្យល់ថា នាង និងប្តីរបស់អ្នកនាង លោក Ronaldo បានជ្រើសរើសទីតាំងនេះ ពីព្រោះវាជាចំណុចកណ្តាលនៃជីវិតប្រចាំថ្ងៃរបស់គ្រួសារពួកគេ។ វាជាកន្លែងដែលពួកគេចែករំលែកអាហារ និងចំណាយពេលដ៏មានគុណភាពជាមួយកូនៗរបស់ពួកគេ។
នាងបានប្រាប់ Vogue ថា ក្នុងរយៈពេល ៣០ ឆ្នាំ ខ្ញុំចង់ឲ្យកូនៗរបស់យើងគិតថា មានរឿងដ៏ស្រស់ស្អាតមួយបានកើតឡើងនៅទីនេះ នៅតុនេះ ឪពុកម្តាយរបស់យើងបានផ្លាស់ប្តូរពាក្យសច្ចាអាពាហ៍ពិពាហ៍របស់ពួកគេ។
កូនៗទាំង៥នាក់របស់គូស្នេហ៍នេះ បានចូលរួមពិធីដ៏រំជួលចិត្តនេះ៖ Cristiano Jr. (អាយុ ១៦ឆ្នាំ) កូនភ្លោះ Eva Maria និង Mateo (៩) Alana (៨) និង Bella (៤)។ ពិធីមង្គលការនេះ ស្របពេលជាមួយនឹងខួបលើកទី ១០ នៃការជួបគ្នាលើកដំបូងរបស់គូស្នេហ៍ ដែលដើមឡើយបានធ្វើឡើងនៅហាង Gucci មួយក្នុងទីក្រុងម៉ាឌ្រីដ៕
