កីឡា

លោក យាន គឺស៊ីវត្ថា ៖ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នឹងបើកសិក្ខាសាលា ស្តីពីអភិវឌ្ឍគ្រូបង្វឹកកីឡា ថ្នាក់ជាតិដល់គ្រូបង្វឹកកម្ពុជា បន្ទាប់ពីបញ្ចប់ការ សិក្សានៅម៉ាឡេស៊ី

ភ្នំពេញ ៖ នាអាកាសយានដ្ឋានអន្តរជាតិតជោ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ក្រសួងអប់រំ យុវជន និងកីឡាត្រូវបានចាត់តាំង លោក វ៉ា វណ្ណៈ អគ្គនាយករង នៃអគ្គ នាយកដ្ឋានកីឡា ប្រធានប្រតិភូ លោក យាន គឺស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងលោក ម៉ារ វង្សវិបុល ប្រធានបច្ចេកទេស និង គ្រូបង្វឹក របស់ខេមសហព័ន្ធយូដូ ទៅចូលរួមសិក្ខាសាលាស្តីពី ការរៀបចំក្របខណ្ឌអភិវឌ្ឍគ្រូបង្វឹក កីឡាថ្នាក់ជាតិ តាមរយៈអគ្គនាយកដ្ឋានកីឡាមាន ៥ ថ្ងៃនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី។

លោក យាន គឺស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានប្រាប់ឲ្យដឹងថា ទទួលបានការអនុញ្ញាតពីលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ព្រមទំាងការចង្អុលបង្ហាញពីលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ក្នុងនាមមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាធ្លាប់បានបញ្ជូនគ្រូបង្វឹកកីឡាជាច្រើនរួមមានប្រភេទកីឡាចំបាប់ និងកីឡាយូដូជាដើម។ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាមានគម្រោងបញ្ជូនគ្រូបង្វឹកតាមសហព័ន្ធកីឡាជាតិផ្សេងៗចូលរួមសិក្ខាសាលាការរៀបចំក្របខណ្ឌអភិវឌ្ឍគ្រូបង្វឹកកីឡាថ្នាក់ជាតិដ៏មានអត្ថន័យមួយនេះ។

លោកប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានបញ្ជាក់ថា ក្នុងនាមប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ចូលរួមលើកនេះ ដើម្បីយកចំណេះដឹងសិក្ខាសាលា អភិវឌ្ឍគ្រូបង្វឹកកីឡាថ្នាក់ជាតិ ក្នុងការចែករម្លែក និងបើកវគ្គសិក្ខាសាលា អភិវឌ្ឍគ្រូបង្វឹកកីឡា សម្រាប់ក្រុមជម្រើសជាតិកម្ពុជា ដើម្បីចែករម្លែកចំណេះដឹងថ្មីៗ និងបទពិសោធន៍មួយចំនួន ជូនដល់លោកគ្រូអ្នកគ្រូដែលជាគ្រូបង្វឹក ក្រុមជម្រើសជាតិយើង ។ លោកគ្រូអ្នកគ្រូនឹងអាចយកចំណេះដឹង នេះហ្វឹកហ្វឹនទៅដល់ក្រុមកីឡាករ-កីឡាការិនីរបស់សហព័ន្ធកីឡាជាតិរៀងៗខ្លួន ។

លោក យាន គឺស៊ីវត្ថា បានបន្ថែមថា ចំណេះដឹងទំាងនេះលោកគ្រូអ្នកគ្រូអាចហ្វឹកហ្វឹនក្រុមអត្តពលិក ដើម្បីត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAME 2027 លើកទី៣៤ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ីចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៧ ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ និងធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាសាកលវិទ្យាល័យ ឆ្នាំ២០២៨ និងការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០៣១ ៕

Most Popular

To Top