ថៃ៖យោងតាមការចេញផ្សាយពីគេហទំព័រ The Thaiger បានប្រាប់ឲ្យដឹងថា កាលពីម្សិលមិញ ប៉ូលីសបានដេញតាម និងចាប់ខ្លួនបុរសជនជាតិថៃ ២ នាក់នៅខេត្តកំផែងផេត ប្រទេសថៃ ពីបទវាយប្រហារ និងចាប់ពង្រត់ស្ត្រីជនជាតិចិនម្នាក់ពីទីក្រុងបាងកក ដោយព្យាយាមនាំនាងទៅកាន់ព្រំដែនថៃ-មីយ៉ាន់ម៉ា ខណៈជនសង្ស័យ ២ នាក់ទៀតបានរត់គេចខ្លួនបាត់។
នៅម៉ោងប្រហែលពាក់កណ្តាលអធ្រាត្រម្សិលមិញ មន្ត្រីប៉ូលីសស្រុកមឿងកំផែងផេតបានទទួលរបាយការណ៍ថា ស្ត្រីបរទេសម្នាក់ ក្រោយមកត្រូវបានគេស្គាល់ថាជាជនជាតិចិន ត្រូវបានវាយប្រហារនៅលើផ្លូវ Ratchadamnoen នៅឃុំណៃមឿង ស្រុកមឿង ខេត្តកំផែងផេត ប្រទេសថៃ។
ប៉ូលីសបានទៅដល់កន្លែងកើតហេតុ ហើយបានរកឃើញស្ត្រីជនជាតិចិនដែលរងរបួស។ នាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកំផែងផេត ដើម្បីព្យាបាល និងពិនិត្យសុខភាព។
ស្ត្រីបរទេសរូបនេះបានប្រាប់មន្ត្រីថា ក្រុមបុរស ៤ នាក់បាននាំនាងចេញពីសណ្ឋាគារមួយក្នុងទីក្រុងបាងកក ហើយបង្ខំនាងឲ្យចូលរថយន្តមួយគ្រឿងឆ្ពោះទៅតំបន់ព្រំដែន។ នាងបានបន្តថា ដៃរបស់នាងត្រូវបានចងពេញមួយដំណើរ នៅពេលរថយន្តទៅដល់ខេត្តកំផែងផេត នាងបានរត់គេចខ្លួន ដោយលោតចេញពីរថយន្តដែលកំពុងបើកបរ មុនពេលរត់ទៅសុំជំនួយពីប្រជាជនក្នុងតំបន់។
បន្ទាប់មក ប៉ូលីសបានចេញការជូនដំណឹងតាមវិទ្យុទៅកាន់មន្ត្រីល្បាត ដើម្បីស្ទាក់ចាប់រថយន្តរបស់ជនសង្ស័យ។ ក្រោយមក មន្ត្រីប៉ូលីសបានប្រទះឃើញរថយន្ត Nissan Teana ពណ៌ខ្មៅមួយគ្រឿងមានស្លាកលេខបាងកក ដែលជាប់ទាក់ទងនឹងហេតុការណ៍នេះ កំពុងឆ្លងកាត់ចំណុចត្រួតពិនិត្យនៅចំណុចប្រសព្វជូឡា នៅលើផ្លូវវាង។
ប៉ូលីសបានព្យាយាមបញ្ឈប់រថយន្ត ប៉ុន្តែអ្នកបើកបរបានបដិសេធមិនព្រមឈប់ ហើយបានបង្កើនល្បឿនរត់គេចខ្លួន។ មន្ត្រីប៉ូលីសបានដេញតាមរថយន្តរហូតដល់វាទៅដល់ស្រុកឡានដុកម៉ៃ ជាកន្លែងដែលកង់មួយរបស់រថយន្តត្រូវបានគេរាយការណ៍ថាបានផ្ទុះ។
ប៉ូលីសបាននិយាយថា ជនសង្ស័យពីរនាក់ត្រូវបានចាប់ខ្លួន ត្រូវបានកំណត់អត្តសញ្ញាណថាមានឈ្មោះ Somkiat អាយុ ៤១ ឆ្នាំ និងឈ្មោះ Kittiporn អាយុ ២៤ ឆ្នាំ។ ជនសង្ស័យ ២ នាក់ផ្សេងទៀតបានរត់គេចខ្លួនចេញពីរថយន្ត ហើយរត់គេចខ្លួនពីមន្ត្រីប៉ូលីស។ ពួកគេបានកំណត់អត្តសញ្ញាណជនសង្ស័យម្នាក់ក្នុងចំណោមជនសង្ស័យ ២ នាក់ដែលរត់គេចខ្លួន ហើយកំពុងស្វែងរកគាត់៕
