កណ្តាល៖កីឡាករ-កីឡាការិនី ក្លិបការ៉ាតេដូ ហនុមាន និងកីឡាករ-កីឡាការិនី ក្លិបរស្មីព្រះអាទិត្យតំណាងឲ្យប្រទេសកម្ពុជា ដណ្តើមបានមេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធ ចំនួន ១៧គ្រឿង ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាការ៉ាតេ Laos Vientiane Open karate 2026 នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ។

នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ក្រុមគណៈប្រតិភូដឹកនាំដោយ លោក ឈាង សុវណ្ណរតនា ប្រធានក្លិបកីឡាការ៉ាតេហនុមាន ប្រធានប្រតិភូ និងសមាជិកសព័ន្ធកីឡាការ៉ាតេកម្ពុជា និងឧញ្ញ៉ា ឈាង សុវណ្ណរតនៈ អនុប្រធានប្រតិភូ និងប្រធានក្លិបកីឡាការ៉ាតេ រស្មីព្រះអាទិត្យ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីការ៉ាតេដូ ហនុមាន និងក្លិបរស្មីព្រះអាទិត្យដែលតំណាងប្រទេសកម្ពុជាចំនួន ១៩ រូបមកដល់កម្ពុជា ក្រោយពីបញ្ចប់បេសកកម្មក្នុងនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ មានរយៈពេល ៤ ថ្ងៃ។

លោក ថាំង វិបុល គ្រូជំនួយក្រុមជម្រើសជាតិ បានប្រាប់ឲ្យដឹងថា កីឡាករ-កីឡាការិនីការ៉ាតេដូ ហនុមាន និងក្លិបរស្មីព្រះអាទិត្យ ដណ្តើមបានមេដាយចំនួន ១៧គ្រឿង ក្នុងនោះ មេដាយមាសចំនួន ៧ គ្រឿង មេដាយប្រាក់ ចំនួន ៤ និងមេដាយសំរិទ្ធ ៦ គ្រឿង ។ ក្នុងនោះគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីការ៉ាតេដូ មកពីក្លិបការ៉ាតេដូ ហនុមាន ចំនួន ១៤ រូប និងកីឡាករ-កីឡាការិនីការ៉ាតេដូ មកពីក្លិបរស្មីព្រះអាទិត្យ៣រូប។

លោក ថាំង វិបុល បានបន្តថា គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីការ៉ាតេដូ រួមមានលោក ដែក ភារៈ ជាគ្រូបង្វឹក លោក ថាំង វិបុល គ្រូជំនួយ កីឡាករជម្រើសជាតិ ជឺ ម៉េងធៀង កីឡាករជម្រើសជាតិ រ៉ម សំណាង កីឡាករជម្រើសជាតិ ស្រៀង ម៉េងហៀង កីឡាករជម្រើសជាតិ ងួន សុខក្រៃលែង និងកីឡាករជម្រើសជាតិ ហៀម ដារ៉ូ ។

កីឡាករជម្រើសជាតិ អ៊ុន គីមហុង កីឡាករជម្រើសជាតិ ដែក សុវណ្ណរតនៈ កីឡាករជម្រើសជាតិ ឈុន ភារុន កីឡាការិនីសហព័ន្ធ ជឺ ស៊ូអ៊ីង កីឡាការិនីជម្រើសជាតិ វ៉ាន់ ចរិយា និងកីឡាការិនីជម្រើសជាតិ លីម សុខវិច្ឆិកា ។
ចំណែកកីឡាករ-កីឡាការិនីការ៉ាតេដូមកពីក្លិបរស្មីព្រះអាទិត្យ ៣ រូប ដូចជា កីឡាករសហព័ន្ធ ឡាយ ជីងលី កីឡាករសហព័ន្ធ កែវ យ៉ានុត និងកីឡាការិនីសហព័ន្ធ សាមឿន វិសាល៕







