ហេលស៊ីនគី៖ ប្រទេសស៊ុយអែត បានប្រកាសទិញនាវាចម្បាំងការពារដែនអាកាសចំនួន ៤គ្រឿងដែលផលិតដោយបារាំង ខណៈដែលខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌជាមួយបារាំង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី។
កិច្ចសន្យាផ្គត់ផ្គង់ត្រូវបានចុះហត្ថលេខានៅលើនាវាចម្បាំងបារាំង Amiral Ronarc’h នៅទីក្រុងស្តុកហូម ដោយរដ្ឋបាលសម្ភារៈការពារជាតិស៊ុយអែត និងក្រុមហ៊ុនសាងសង់នាវាបារាំង Naval Group ក្នុងពិធីមួយ ដែលមានការចូលរួមពីប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង និងនាយករដ្ឋមន្ត្រីស៊ុយអែតលោក Ulf Kristersson។
លោក Kristersson បានលេីកឡេីងថា “កិច្ចសហប្រតិបត្តិការរបស់យើងបង្ហាញថា មហាអំណាចការពារជាតិឈានមុខគេនៅអឺរ៉ុប អាចបំពេញតម្រូវការជាតិរបស់ពួកគេជាមួយនឹងសមត្ថភាពឧស្សាហកម្មរួមគ្នា” ដោយកត់សម្គាល់ថា វានឹងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងស៊ុយអែត និងបារាំង។
ទូរទស្សន៍ស៊ុយអែត (SVT) បានរាយការណ៍ថា កិច្ចព្រមព្រៀងនាវាចម្បាំងនេះមានតម្លៃប្រហែល ៤.៣ពាន់លានអឺរ៉ូ (៤.៩៩ពាន់លានដុល្លារអាមេរិក)។ នាវាចម្បាំងហ្វ្រីហ្គេតដំបូងត្រូវបានគ្រោងនឹងដឹកជញ្ជូននៅឆ្នាំ ២០៣០ ហើយនាវា ៣គ្រឿងដែលនៅសល់នឹងដឹកជញ្ជូនតាមក្រោយ។
រដ្ឋាភិបាលស៊ុយអែតបានឧ្យដឹងថា ការទិញនេះនឹងផ្តល់នូវ «ការពង្រឹងរយៈពេលវែង និងសំខាន់» នៃកងកម្លាំងជើងទឹករបស់ប្រទេស និងសមត្ថភាពរបស់ខ្លួនក្នុងការរក្សាការគ្រប់គ្រងនៅលើសមុទ្រ ដោយបានគូសបញ្ជាក់ពីសមត្ថភាពការពារដែនអាកាសកម្រិតខ្ពស់ថា មានសារៈសំខាន់ជាពិសេស៕
ប្រែសម្រួល ឈូក បូរ៉ា
