អាហ្វ្រិកខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ RT បានប្រាប់ឲ្យដឹងថា គណៈកម្មការជាតិអ្នកប្រើប្រាស់ (NCC) របស់អាហ្វ្រិកខាងត្បូង បានប្រកាសពីការប្រមូលរថយន្តសុវត្ថិភាព ដែលប៉ះពាល់ដល់រថយន្ត Ford Ranger Double-Cab ចំនួន ២,២៧៥ គ្រឿងដែលផលិតសម្រាប់ម៉ូដែលឆ្នាំ ២០២៦ -២០២៧។
យោងតាមអង្គការឃ្លាំមើលអ្នកប្រើប្រាស់ ថា ក្រុមហ៊ុន Ford បានរាយការណ៍ថា ពោងសុវត្ថិភាព ចំហៀងក្នុងរថយន្ត រងផលប៉ះពាល់អាចមានអន្តរកម្ម ជាមួយការតុបតែងសសរ B នៅពេលដាក់ពង្រាយ។ នេះអាចបណ្តាលឲ្យការតុបតែងរហែកចេញ ហើយក្លាយជាគ្រាប់ផ្លោង ដែលបង្កើនហានិភ័យនៃការរងរបួសដល់អ្នកដំណើរ។
រថយន្តដែលរងផលប៉ះពាល់ត្រូវបានលក់ទូទាំងប្រទេសរវាងថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៦ និងថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៦ តាមរយៈអ្នកចែកចាយសិទ្ធិផ្តាច់មុខរបស់ Ford ហើយក៏ត្រូវបាននាំចេញទៅកាន់ប្រទេសណាមីប៊ី បុតស្វាណា ឡេសូតូ និងអេស្វាទីនីផងដែរ។
គណៈកម្មការបានបន្ថែមថា ម្ចាស់រថយន្តដរងផលប៉ះពាល់គួរតែយករថយន្តរបស់ពួកគេទៅកាន់អ្នកចែកចាយ Ford ដែលមានការអនុញ្ញាតនៅជិតបំផុតសម្រាប់ការត្រួតពិនិត្យ និងជួសជុល។ ការងារជួសជុលនឹងត្រូវបានអនុវត្តដោយមិនគិតថ្លៃដល់អ្នកប្រើប្រាស់។
ស្នងការស្តីទី Hardin Ratshisusu បានមានប្រសាសន៍ថា ការប្រមូលរថយន្តនេះប៉ះពាល់ដល់សមាសធាតុសុវត្ថិភាពដ៏សំខាន់មួយនៃយានយន្តមួយចំនួនធំ។ ម្ចាស់ ឬអ្នកប្រើប្រាស់យានយន្តទាំងនេះគួរតែទាក់ទងអ្នកផ្គត់ផ្គង់ភ្លាមៗ ។ NCC នឹងតាមដានការប្រមូលរថយន្តនេះ និងការប្រមូលរថយន្តផ្សេងទៀត ដើម្បីធានាថាយានយន្តដែលរងផលប៉ះពាល់ទាំងអស់នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងត្រូវបានយកចិត្តទុកដាក់។
កាលពីខែមុន គណៈកម្មការបានបញ្ជាក់ពីការប្រមូលរថយន្ត Nissan Qashqai ចំនួន៣១៤ គ្រឿង ដោយសារតែបញ្ហាបំពង់ប្រេងឥន្ធនៈអាចនាំឲ្យមានការលេចធ្លាយប្រេងឥន្ធនៈ។
វាក៏បានប្រកាសពីការប្រមូលរថយន្ត Toyota Land Cruiser 300 ចំនួន ៥០៧ គ្រឿង និងម៉ូដែល Lexus LX600 ចំនួន ១២៤ គ្រឿង ដោយសារតែការផលិតកាកសំណល់នៅក្នុងម៉ាស៊ីនអាចបណ្តាលឲ្យប៊ែរីងសំខាន់ៗខូច ដែលអាចបណ្តាលឲ្យម៉ាស៊ីនរលត់ពេលកំពុងបើកបរ៕
