កីឡា

កីឡាប្រពៃណីបុរាណ ដ៏រស់រវើកនៅកៀហ្ស៊ីស៊ីស្ថាន បានរស់ឡើងវិញក្នុងការប្រកួតកីឡា World Nomad Games (វីដេអូ)

កៀហ្ស៊ីស៊ីស្ថាន៖កីឡាករ-កីឡាការិនីជិះសេះ ចំបាប់ និងបាញ់ធ្នូ កំពុងសាកល្បងកម្លាំង និងជំនាញរបស់ពួកគេធ្វើការប្រកួតប្រជែង នឹងផ្ទៃខាងក្រោយដ៏អស្ចារ្យ នៃបឹង Issyk-Kul ក្នុងប្រទេសកៀហ្ស៊ីស៊ីស្ថាន ជាកន្លែងដែលការប្រកួតកីឡា World Nomad Games លើកទី៦កំពុងដំណើរការយ៉ាងពេញទំហឹង យោងតាមការចេញ ផ្សាយពីគេហទំព័រ RT ។

កីឡាករ-កីឡាការិនីចូលរួមការប្រកួតប្រជែងមកពី ៩០ ប្រទេសកំពុងចូលរួមលើវិញ្ញាសាចំនួន ៤៣ ដែលមានឫសគល់ ក្នុងប្រពៃណីពនេចរ ចាប់ពីការបរបាញ់ឥន្ទ្រី ការចំបាប់លើខ្នងសេះ និងការបាញ់ធ្នូ រហូតដល់ការប្រកួតល្បែងបញ្ញាប្រពៃណី ។ ក្នុងនោះកីឡាករ-កីឡាការិនីរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាក្នុងប្រទេសនេះសម្រាប់ការប្រកួតចាប់ពីការចំបាប់លើជិះសេះរហូតដល់ការបរបាញ់ឥន្ទ្រី។

សេះដើរតួជាចំណុចកណ្តាលក្នុងព្រឹត្តិការណ៍ជាច្រើននៃការប្រកួត ដែលដំណើរការរហូតដល់ថ្ងៃទី ៦ ខែកញ្ញា។ ការចំបាប់លើខ្នងសេះ ដោយកីឡាករចំបាប់ ២ នាក់ដែលជិះសេះព្យាយាមអូសគ្នាទៅវិញទៅមកពីកែប ដោយតម្រូវឲ្យកីឡាករជិះផ្អៀងស្ទើរតែដល់ដីក្នុងល្បឿនពេញទំហឹងដើម្បីរើសវត្ថុមួយ។

បន្ទាប់មកមាន ‘kok-boru’ (gray wolf) ដែលប្រហែលជាទស្សនីយភាពដ៏ល្បីល្បាញបំផុតនៃការប្រកួត ក្នុងនោះក្រុម២ ជិះសេះប្រយុទ្ធគ្នាដើម្បីដណ្តើមយកគ្រោងឆ្អឹងពពែ ហើយព្យាយាមដឹកវាទៅកាន់គោលដៅរបស់ភាគីម្ខាងទៀត។ ការបរបាញ់បែបប្រពៃណីត្រូវបានតំណាងដោយ «សាលប៊ូរុន» មានឥន្ទ្រីមាស សត្វស្លាបដទៃទៀត និងឆ្កែបរបាញ់។ ការបាញ់ធ្នូ ការប្រណាំងសេះ និងការប្រកួតចំបាប់បែបប្រពៃណីជាច្រើនទម្រង់ក៏មានក្នុងកម្មវិធីផងដែរ។

ការប្រកួតទាំងនេះមានអត្ថន័យច្រើនជាងកីឡាទៅទៀត ទំាំងយួរត៍ សម្លៀកបំពាក់ជាតិ សិប្បកម្ម តន្ត្រី និងម្ហូបអាហារ បានផ្លាស់ប្តូរទីកន្លែងទាំងនោះទៅជាកន្លែងបង្ហាញពីវប្បធម៌ពនេចរ។ ព្រឹត្តិការណ៍នេះបានកើតឡើង ចេញពីកិច្ចខិតខំប្រឹងប្រែងនៅប្រទេសកៀហ្ស៊ីស៊ីស្ថានក្នុងទសវត្សរ៍ឆ្នាំ ២០០០ ដើម្បីថែរក្សាល្បែងប្រពៃណី ដែលច្បាប់របស់ពួកគេប្រឈមនឹង ការបាត់ទៅវិញនៅពេលដែលមនុស្សជំនាន់មុនបានស្លាប់។ គំនិតផ្តួចផ្តើមនេះក្រោយមកត្រូវ បានទទួលស្គាល់ដោយអង្គការយូណេស្កូថាជាការអនុវត្តល្អសម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបី៕

Most Popular

To Top