ព័ត៌មានអន្តរជាតិ

Bad Bunny និង Celine Dion ចាប់ដៃជាមួយនិង Backstreet Boys ធ្វើកការប្រគំតន្ត្រីបែប Residency កំពុងសាយភាយទូទាំងពិភពលោក ទាក់ទាញភ្ញៀវទេសចរ និងបង្កើតចំណូលរាប់លានដុល្លារ

អន្តរជាតិ៖ ការប្រគំតន្ត្រីបែប «Residency» ដែលសិល្បករសម្តែងជាបន្តបន្ទាប់នៅទីតាំងតែមួយ កំពុងក្លាយជានិន្នាការដ៏ពេញនិយមក្នុងវិស័យតន្ត្រី ខណៈវាមិនត្រឹមតែបង្កើនប្រាក់ចំណូលសម្រាប់សិល្បករ និងអ្នករៀបចំកម្មវិធីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញវិស័យទេសចរណ៍ នៅទីក្រុងដែលជាម្ចាស់ផ្ទះរៀបចំកម្មវីធីផងដែរ។

តាមការចេញផ្សាយពីសារព័ត៌មាន The Hollywood Reporter បានអោយដឹងថា តារាចម្រៀង Bad Bunny បានបង្ហាញពីឥទ្ធិពលនេះតាមរយៈការសម្តែងនៅព័រតូរីកូ ដែលបានទាក់ទាញអ្នកគាំទ្រពីតំបន់ផ្សេងៗឱ្យធ្វើដំណើរទៅចូលរួម និងបង្កើតផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងច្រើនសម្រាប់តំបន់។

ជាមួយគ្នានេះ តារាចម្រៀងល្បីៗដូចជា Celine Dion, Sam Smith និង Backstreet Boys ក៏កំពុងជ្រើសរើសទីក្រុងដែលមានទំនាក់ទំនងពិសេសជាមួយអាជីព និងប្រវត្តិសាស្ត្ររបស់ពួកគេ សម្រាប់ការសម្តែងបែប Residency។ ការផ្លាស់ប្តូរនេះបង្ហាញថា Residency មិនត្រូវបានកំណត់ត្រឹមទីក្រុង Las Vegas ទៀតឡើយ។

និន្នាការនេះក៏កំពុងជំរុញការធ្វើដំណើររបស់អ្នកគាំទ្រដើម្បីចូលរួមការប្រគំតន្ត្រីនៅក្រៅទីក្រុង ឬប្រទេសរបស់ខ្លួន ដែលត្រូវបានគេហៅថា «Gig-tripping»។ អ្នកជំនាញមើលឃើញថា ការភ្ជាប់រវាងតន្ត្រី ការកម្សាន្ត និងទេសចរណ៍ អាចក្លាយជាផ្នែកសំខាន់មួយនៃអនាគតឧស្សាហកម្មតន្ត្រីពិភពលោក។

ប្រែសម្រួល៖ គីរី

Most Popular

To Top