កីឡា

ក្លិបកីឡាប៉េតង់ BKH លើកពានរង្វាន់ ក្នុងការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០២៦

ភ្នំពេញ៖ក្រុមកីឡាករក្លិបប៉េតង់ BKH លើកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ ក្រោយដណ្តើមបានមេដាយមាស ច្រើនជាងគេ ខណៈក្រុមកីឡាករក្លិបប៉េតង់សន្តិភាព បានត្រឹមចំណាត់ថ្នាក់លេខ ២ ដោយឈ្នះមេដាយមាស ១ គ្រឿង ដែលការប្រកួតរៀបចំដោយ មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ។

ក្នុងឱកាសពិធីបិទ ការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ របស់មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ តំណាងយលោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ និងអ្នកតំណាងក្លិបកីឡាប៉េតង់ទាំង ១៩ នៅទីលានប៉េតង់ក្នុងវិទ្យាល័យជាស៊ីម សាមគ្គី។

លោក សេង ស្រេង ប្រធានការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ នៅទីលានវិទ្យាល័យជាស៊ីមសាមគ្គី មានរយៈពេល៥ថ្ងៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ មានក្រុមចូលរួមសរុបចំនួន១៩ ក្លឹប រួមមាន ក្លឹបកីឡាប៉េតង់ នាគព័ន្ធ ក្លឹបកីឡាប៉េតង់ ឌីជីអេ ក្លឹបកីឡាប៉េតង់ បូរិទ្ធរាជ្យ ក្លឹបកីឡាប៉េតង់ កូនខ្មែរ ក្លឹបកីឡាប៉េតង់ វិស្ណុរាជ ក្លឹបកីឡាប៉េតង់ យុវជនសាមគ្គី ក្លឹបកីឡាប៉េតង់ ជ.ស.សាមគ្គី និងក្លឹបកីឡាប៉េតង់ វិ.ដំរីរីករាយ។

ក្លឹបកីឡាប៉េតង់ សន្តិភាព ក្លឹបកីឡាប៉េតង់ កេសរហ៍ ក្លឹបកីឡាប៉េតង់ សុរិយាដី ក្លឹបកីឡាប៉េតង់ ហនុមាន ក្លឹបកីឡាប៉េតង់ អាណាចក្រខ្មែរ ក្លឹបកីឡាប៉េតង់ អគ្គាធិការដ្ឋាន ក្លឹបកីឡាប៉េតង់ ម៉ាស្ទ័រ ក្លឹបកីឡាប៉េតង់ សាមគ្គីមានជ័យ ក្លឹបកីឡាប៉េតង់ ម្លប់ស្វាយ ក្លឹបកីឡាប៉េតង់ ឥន្ទ្រីមាស និងកីឡាប៉េតង់ ក្លឹបBKH ប្រកួតលើ ៥ វិញ្ញាសារួមមាន វិញ្ញាសាវាយយកពិន្ទុ វាយ១ទល់១ វាយ២ទល់២ វាយ៣ទល់៣ និងវាយចម្រុះ(បុរស នារី)។
លទ្ធផល ក្រុមកីឡាករក្លិបប៉េតង់ BKH លើកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ ក្រុមកីឡាករក្លិបប៉េតង់សន្តិភាព បានត្រឹមចំណាត់ថ្នាក់លេខ ២ និងក្លឹបកីឡាប៉េតង់ វិទ្យាល័យជាស៊ីម សាមគ្គីជាប់ចំណាត់ថ្នាក់លេខ ៣៕
ដោយ៖លី ភីលីព

Most Popular

To Top