ម៉ាឡេស៊ី ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា លោក Datuk Abdah Alif ដែលជាវីរបុរសបាល់ទាត់ម៉ាឡេស៊ី និងធ្លាប់បានជួយក្រុមជម្រើសជាតិរបស់ខ្លួនឲ្យទទួលបានសិទ្ធិទៅប្រកួត ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងម៉ូស្គូឆ្នាំ ១៩៨០ នោះ បានរៀបការជាមួយស្ត្រីវ័យ ២០ ឆ្នាំម្នាក់មានអាយុតិចជាងលោកដល់ទៅ ៥២ ឆ្នាំ។
ថ្មីៗនេះ រូបភាពមួយសន្លឹកបានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គមនៅប្រទេសម៉ាឡេស៊ី ដោយបង្ហាញពីអតីតកីឡាករវ័យ ៧២ ឆ្នាំរូបនេះ ឈរនៅក្បែរភរិយាថ្មីរបស់លោកក្នុងពិធីមង្គលការ ធ្វើឲ្យអ្នកគាំទ្របាល់ទាត់ក្នុងស្រុកមានការងឿងឆ្ងល់ និងចង់ដឹងអំពីស្ថានភាពអាពាហ៍ពិពាហ៍របស់គាត់។
យោងតាមសារព័ត៌មាន New Straits Times លោកបានបញ្ជាក់ថា ប្អូនប្រុសរបស់លោកគឺលោក Datuk Yunus Alif បានបញ្ជាក់ថា ពិធីមង្គលការនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី ២៧ ខែសីហា។ គ្រួសារទាំងសង្ខាងបានយល់ព្រមលើទំនាក់ទំនងស្នេហាមួយនេះ។
លោក Yunus ជាអតីតកីឡាករ និងជាគ្រូបង្វឹកក្រុមជម្រើសជាតិ នោះ បាននិយាយថា អាពាហ៍ពិពាហ៍នេះមិនមានឧបសគ្គអ្វីឡើយ ហើយគូស្វាមីភរិយាថ្មីនេះទទួលបានពាក្យជូនពរជាច្រើនពីសំណាក់សាច់ញាតិរបស់ពួកគេ។
គាត់បានប្រាប់សារព័ត៌មាន Sinar Daily ថា បងប្រុសរបស់គាត់អាចនឹងកំពុងស្ថិតក្នុងដំណើរកម្សាន្តក្រេបទឹកឃ្មុំ ដែលនេះអាចជាមូលហេតុដែលគាត់មិនឆ្លើយតបការហៅទូរសព្ទ។
យោងតាមសារព័ត៌មាន New Straits Times ប្រភពព័ត៌មានជិតស្និទ្ធមួយ ត្រូវបានគេស្គាល់ថា ជាអតីតមិត្តរួមក្រុមរបស់ Abdah ក៏បានបញ្ជាក់ពីភាពត្រឹមត្រូវនៃរូបថតអាពាហ៍ពិពាហ៍ដែលកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅលើបណ្តាញសង្គមផងដែរ ប៉ុន្តែបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីពេលវេលា ឬទីកន្លែងនៃពិធីនោះទេ៕
